យោធាអ៊ីស្រាអែលអះអាងថាបានសម្លាប់មេដឹកនាំហេបូឡា ហាស្ហេម សាហ្វីឌីន

0

ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែល​បានបញ្ជាក់នៅថ្ងៃអង្គារ ទី២២ ខែតុលា ថា លោកហាស្ហេម សាហ្វីឌីន ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​ក្រុម​ហេសបូឡា ត្រូវបានសម្លាប់​ក្នុងការ​វាយប្រហារតាមអាកាស​លើទីក្រុងបេរូតកាលពី៣សប្តាហ៍មុន។

យោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាលោក សាហ្វីឌីន ត្រូវបានសម្លាប់​ក្នុងការទម្លាក់គ្រាប់បែករបស់យន្តហោះចម្បាំងអ៊ីស្រាអែលទៅលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត។ ការវាយប្រហារនេះបានកំណត់គោលដៅលើអាគារមួយដែលជាទីស្នាក់ការចារកម្មក្រោមដីដ៏សំខាន់របស់ក្រុមហេបូឡា នេះបើតាមការបញ្ជាក់របស់យោធាអ៊ីស្រាអែល។

យោធាម្នាក់បាននិយាយថា មេ​បញ្ជាការ​ជាន់​ខ្ពស់​របស់​ក្រុម​ហេសបូឡា ២៥​នាក់មានវត្តមាននៅក្នុងអគារនោះអំឡុងពេលវាយប្រហារប៉ុន្តែមិន​បាន​បញ្ជាក់​ថា​ពួក​គេ​នៅរស់រាន​មាន​ជីវិត​ឬ​អត់​នោះទេ។ លោក សាហ្វីឌីន គឺជាបងប្អូនជីដូនមួយរបស់អតីតមេដឹកនាំក្រុមហេបូឡា ហាសាន ណាសរ៉ាឡា។ បន្ទាប់ពីអ៊ីស្រាអែលបានធ្វើឃាតលោក ណាសរ៉ាឡាហ ក្នុងខែកញ្ញា លោក សាហ្វីឌីន ត្រូវបានគេសន្មតថាជាអ្នកស្នងតំណែងបន្ត។

លោក សាហ្វីឌីន ក៏ជាសមាជិកក្រុមប្រឹក្សា ស៊ូរ៉ា ផងដែរ ដែលស្ថាប័ននយោបាយយោធាជាន់ខ្ពស់បំផុតរបស់ក្រុមហេបូឡា និងជាអ្នកទទួលខុសត្រូវចំពោះការសម្រេចចិត្ត និងជាអ្នកកំណត់គោលនយោបាយរបស់ក្រុមហេបូឡា។

“យើងបានសម្លាប់លោក ណាសរ៉ាឡា អ្នកស្នងតំណែងរបស់គាត់ និងមេដឹកនាំខ្លាំងរបស់ក្រុមហេបូឡា” នេះបើតាមសម្តីរបស់​លោក ហឺរហ្ស៊ី ហាឡេវ៉ី ប្រធានបុគ្គលិកទូទៅនៃកម្លាំងការពារអ៊ីស្រាអែលនិយាយបន្ទាប់ពីការប្រកាសថាបានសម្លាប់លោក សាហ្វីឌីន។ លោកបន្ថែមទៀតថា “យើងដឹងពីរបៀបចាត់វិធានការលើបុគ្គលណាដែលគំរាម​កំហែង​ដល់​សន្តិសុខ​របស់​ពលរដ្ឋ​អ៊ីស្រាអែល”។

គួរបញ្ជាក់ផងដែរថា ក្រុមហេបូឡាមិនទាន់ចេញសេចក្តីអត្ថាធិប្បាយពាក់ព័ន្ធនឹងការប្រកាសរបស់យោធាអ៊ីស្រាអែលនៅឡើយទេ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here