ប្រទេសអាហ្វហ្កានីស្ថាន៖ ក្មេង៣នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស នៅពេលដែលឧបករណ៍កែច្នៃមួយបានផ្ទុះនៅក្នុងខេត្តហ្កានី ភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន នេះបើតាមការិយាល័យមន្ត្រីប៉ូលិសខេត្ត និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទ ទី២១ ខែតុលា នេះ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុកឃ្វារ៉ាបាកពេលដែលក្មេងទាំងនោះកំពុងធ្វើការនៅចំការដំឡូង។ ឧបករណ៍កែច្នៃបានផ្ទុះឡើងបណ្តាលឲ្យក្មេង៣នាក់ស្លាបនៅនឹងកន្លែងកើតហេតុ ចំណែកក្មេង៣នាក់ផ្សេងទៀតរងរបួស នេះបើតាមសម្តីរបស់មន្ត្រី។ អ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរនោះដើម្បីទទួលការព្យាបាល។
មនុស្សសរុបចំនួន២៩២នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនបង្កប់ និងសំណល់គ្រឿងផ្ទុះកែច្នៃក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៤នេះ ដែលជនរងគ្រោះទាំងនោះភាគច្រើនគឺជាកុមារ នេះបើតាមសេចក្តីរាយការណ៍របស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ។
គួររំលឹកផងដែរថា អាហ្វហ្គានីស្ថានជាប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគ្រាប់មីនច្រើនបំផុតនៅលើពិភពលោក ដែលមានមនុស្សរាប់សិបនាក់ ខ្លះស្លាប់ និងខ្លះទៀតពិការជារៀងរាល់ខែដែលជនរងគ្រោះទាំងនោះភាគច្រើនជាកុមារ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤