ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍កាលពីថ្ងៃអង្គារថា អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគីបានឃុំខ្លួនសមាជិកគណបក្សពលករឃឺដ (PKK) ខុសច្បាប់៣នាក់។
របាយការណ៍បង្ហាញថា អ្នកស្រី ហ្សីណេព ថាសគីរ៉ាន និងអ្នកស្រី ហ្សូបីដេ ថាសគីរ៉ាន ដែលត្រូវបានចោទប្រកាន់ថាជាសមាជិកសំខាន់ក្នុងរចនាសម្ព័ន្ធរបស់គណបក្សពលករឃឺដនៅអ៊ឺរ៉ុបត្រូវបានឃុំខ្លួននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ចំណែកឯអ្នកស្រី ហាធីន សាបាហ្ស ដែលជាសមាជិកទី៣ ត្រូវបានចាប់ខ្លួននៅភាគពាយ័ព្យខេត្តបាលីគេសឺរ។
តាមខ្លឹមសារក្នុងរបាយការណ៍បានឲ្យដឹងទៀតថា បុគ្គលទាំង៣នាក់ដែលជាបងប្អូននឹងគ្នាត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការរួមគ្នាដែលធ្វើឡើងដោយក្រុមចារកម្មទួកគី និងប៉ូលិសដោយពុំមានការបញ្ជាក់លម្អិតអំពីពេលវេលានៃប្រត្តិបត្តិការនេះទេ។
អ្នកស្រី ហ្សីណេព ថាសគីរ៉ាន គឺជាអតីតសមាជិកកងកម្លាំងជនបទរបស់បក្សពលករឃឺដ ដែលោកស្រីត្រូវបានគេចោទថាបានចូលរួមក្នុងការតវ៉ាប្រឆាំងតួកគីនិងព្រឹត្តការណ៍ដែលរៀបចំឡើងដោយគណបក្សពលករឃឺដសាខាប្រទេសបារាំង។
បន្ទាប់ពីទទួលបានសញ្ជាតិអាឡឺម៉ង់ អ្នកស្រីបានប្រើឈ្មោះ ដេនីស ថាសគីរ៉ាន និងបានបន្តសកម្មភាពរបស់ខ្លួនជាមួយបក្សពលករឃឺដ នេះបើតាមប្រភពសារព័ត៌មានអាណាដូឡូ។
របាយការណ៍មានខ្លឹមសារបន្ថែមថា យ៉ាងណាមិញ អ្នកស្រី សាហបាហ្ស រងការចោទប្រកាន់ថាបានចូលរួមនៅក្នុងសកម្មភាពឃោសនារបស់គណបក្សពលករឃឺដនៅក្នុងទីក្រុងខឺឡូន និងទីក្រុងប៉ារីសដែលជារាជធានីនៃប្រទេសបារាំង។
គួររំលឹកផងដែរថា បក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤