ការវាយប្រហារដោយចាក់សម្លាប់នៅទីក្រុងហាដឺរ៉ាបណ្តាលឱ្យមនុស្ស៦នាក់រងរបួសក្នុងនោះមានមនុស្ស៣នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ប៉ូលិសបានបញ្ជាក់ថា វាជាការវាយប្រហារភេរវកម្ម។
ប៉ូលិសបានរាយការណ៍នៅព្រឹកថ្ងៃពុធថាមនុស្ស៦នាក់រងរបួសក្នុងការវាយប្រហារភេរវកម្មដោយចាក់សម្លាប់នៅក្នុងក្រុងហាដឺរ៉ា។ ក្រោយមកភេរវករត្រូវបានសម្លាប់។ នេះគឺជាការវាយប្រហារភេរវកម្មដ៏ធំលើកទី៣នៅក្នុងប្រទេសអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលការវាយប្រហារនេះកើតឡើងបន្ទាប់ពីការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងតែលអាវ៉ីវ កាលពីថ្ងៃអង្គារ៍មុន និងនៅទីក្រុងបៀរសេបា កាលពីថ្ងៃអាទិត្យ។
ក្រុមគ្រូពេទ្យ មេហ្កិន ដាវីដ អាដុម បានព្យាបាលបុរស ២នាក់ ដែលមានអាយុប្រមាណជា៣០ឆ្នាំ និង៥០ឆ្នាំដែលពួកគាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំណែកឯជនទី៣អាយុប្រមាណជា៧០ឆ្នាំមានរបួសស្រាល។ អ្នកទាំងបីត្រូវបានជម្លៀសទៅមណ្ឌលសុខភាពហ៊ីលឡលយាហ្វ ក្នុងទីក្រុងហាដឺរ៉ា។
អ្នករបួស៤នាក់ទទួលបានការព្យាបាលនៅក្នុងបន្ទប់វះកាត់មួយក្នុងនោះមានមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ និង២នាក់ស្ថិតក្នុងស្ថានភាពមធ្យម នេះបើតាមការប្រកាសរបស់មណ្ឌលសុខភាពហ៊ីលឡេលយាហ្វេ។ ជនរងគ្រោះពីរនាក់ផ្សេងទៀតដែលស្ថិតក្នុងស្ថានភាពមធ្យមគឺត្រូវសម្រាកនៅមន្ទីពេទ្យដើម្បីព្យាបាលបន្តទៀត។ ក្រៅពីអ្នករងរបួសទាំង ៦នាក់ មនុស្សម្នាក់ត្រូវការការព្យាបាលបន្ទាប់ពីមានបញ្ហាថប់បារម្ភ។
បន្ទាប់មកក្រុមគ្រូពេទ្យ មេហ្កិន ដាវីដ អាដុម បានរាយការណ៍ថា មនុស្ស២នាក់ផ្សេងទៀតនៅទីក្រុងហាដឺរ៉ា មានស្ថានភាពរបួសកម្រិតមធ្យម កំពុងទទួលការថែទាំសុខភាព។
មុនពេលប៉ូលិសបញ្ឈប់អ្នកវាយប្រហារ ក្រុមភេរវករបានវាយប្រហារនៅទីតាំងចំនួន៤ផ្សេងគ្នាក្នុងទីក្រុងហាដឺរ៉ា ដែលមនុស្ស២នាក់រងរបួសនៅទីតាំងទី១ មនុស្សម្នាក់រងរបួសនៅទីតាំងទី២ និងមនុស្ស២នាក់រងរបួសនៅទីតាំងទី៣ និងមនុស្សម្នាក់រងរបួសនៅទីតាំងចុងក្រោយ។
ក្រុមគ្រូពេទ្យ មេហ្កិន ដាវីដ អាដុម រៀបរាប់ពីកន្លែងកើតហេតុ៖
លោកវេជ្ជបណ្ឌិត ស្ហេក ហាចាច នៃក្រុមគ្រូពេទ្យ មេហ្កិន ដាវីដ អាដុម បានរាយការណ៍ថា “យើងបានទៅដល់កន្លែងកើតហេតុដែលមានអ្នករងរបួសយ៉ាងធ្ងន់ធ្ងរម្នាក់មានស្នាមចាក់ជាច្រើនកន្លែងលើរាងកាយគាត់ ហើយឈឺចុកចាប់ពីការប៉ះទង្គិចយ៉ាងខ្លាំងនៃប្រព័ន្ធសរីរាង្គជាច្រើន។ គាត់នៅស្មារតីពាក់កណ្តាល ហើយយើងបានផ្តល់ការព្យាបាលសង្គ្រោះជីវិត និងបានជម្លៀសគាត់ទៅមន្ទីរពេទ្យ។ បន្ទាប់មកយើងបានត្រឡប់ទៅកន្លែងកើតហេតុវិញដើម្បីបន្តព្យាបាលអ្នករបួសផ្សេងទៀត»។
ជាដំបូងអ្នកវាយប្រហារបានគេចចេញពីកន្លែងកើតហេតុដោយជិះម៉ូតូកង់តូច (Scooter) ដែលប៉ូលិសដេញតាមចាប់។ បន្ទាប់ពីការឆែកឆេររុករកគ្រប់ទីកន្លែង ប៉ូលិសអាចរកឃើញ និងបានសម្លាប់ភេរវករ។
ដំបូងឡើយ ប៉ូលិសជឿថា ឧបទ្ទវហេតុនេះទំនងជាមិនមែនជាការវាយប្រហារភេរវកម្មទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយោងតាមការផ្តល់នូវព័ត៌មានថ្មីបំផុតចុងក្រោយ ប៉ូលិសបានបញ្ជាក់ថាវាគឺជាការវាយប្រហារភេវកម្ម។ ប៉ូលិសអ៊ីស្រាអែលបាននិយាយថា មន្ត្រីប៉ូលិស និងអធិការក្រុងហាដឺរ៉ា បានចូលរួមក្នុងការចុះពិនិត្យមើលផ្លូវក្នុងទីក្រុង ចំណែកឯឧទ្ធម្ភាគចក្រប៉ូលិសកំពុងឆែកឆេររកមើលពីខាងលើដើម្បីកំណត់ទីតាំងជនសង្ស័យដែលបានរត់គេចខ្លួន។
យោងតាមសារព័ត៌មានរដ្ឋ KAN បានឲ្យដឹងថា ភេរវករឈ្មោះ អាហម៉ាដ ចាបារ៉ីន មានអាយុ៣៦ឆ្នាំគឺជាជនជាតិអ៊ីស្រាអែលមកពីទីក្រុង អ៊ុំ អាល់ហ្វាម។
ពលរដ្ឋប្រដាប់អាវុធម្នាក់ត្រូវបានគេរកឃើញ និងបានបាញ់ភេរវករម្នាក់នៅលើផ្លូវហឺបឺតសាមូអែល ដែលជាទីតាំងទីបួនជាកន្លែងដែលភេរវករនោះបានវាយប្រហារលើជនស៊ីវិល ហើយកងកម្លាំងសន្តិសុខបានចាប់ខ្លួនគាត់ភ្លាមៗ។ ប៉ូលិសបាននិយាយថា ពូថៅមួយ និងកាំបិតមានដងមួយ ត្រូវបានគេរកឃើញនៅក្បែរភេរវកររូបនោះ ហើយផ្លែកាំបិតត្រូវបានរកឃើញមានប្រឡាក់ឈាមក្នុងអំឡុងពេលឆែកឆេរនៅតំបន់នោះ។ ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍កោសល្យវិច្ច័យរបស់ប៉ូលិសដើម្បីស្រង់ភស្តុតាងបន្ថែម៕