ស្លាប់២.៧៩២នាក់ និងរបួស១២.៧៧២នាក់ក្នុងការវាយប្រហារតាមអាកាសនៅលីបង់

0

ប្រទេសលីបង់៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាស​របស់អ៊ីស្រាអែលលើ​ទីតាំង​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​លីបង់ចាប់តាំងពីមានជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហេបូឡា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បាន​សម្លាប់​មនុស្ស​២.៧៩២នាក់​ និងចំនួនអ្នករងរបួសមានរហូតដល់១២.៧៧២នាក់​ ​ នេះ​បើតាម​ក្រសួងសុខភិបាលលីបង់រាយការណ៍នៅយប់ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ។

ក្រសួងបានបន្ថែមថាកាលពីថ្ងៃចន្ទ មនុស្ស៨២នាក់ត្រូវបានសម្លាប់​ និង១៨០នាក់ផ្សេងទៀតរង​របួស។ យោធាលីបង់បាននិយាយថាថ្ងៃអង្គារនេះយោធាអ៊ីស្រាអែលបានវាយប្រហារតាមអាកាសចំនួន៥០លើកលើ៣០ភូមិ ទីរួមខេត្ត និងទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។

តាមប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារខ្លាំងបំផុតកើតឡើងនៅក្នុងទីក្រុងសាយដាជាប់នឹងទីក្រុងភាគខាងត្បូងស៊ីដុន ជាកន្លែងដែលអគារចំនួន ៣រងការវាយប្រហារដែលបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ និងមនុស្ស៣៧នាក់រងរបួស ហើយពួកគេភាគច្រើនជាអ្នកផ្លាស់ទីលំនៅ។

យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានវាយប្រហារតាមអាកាស៣លើកលើផ្លូវព្រំដែនដែលតភ្ជាប់ប្រទេសលីបង់ និងប្រទេសស៊ីរីដោយបាញ់គ្រាប់មីស៊ីលពីអាកាសមកដីចំនួន៦គ្រាប់ ដែលរារាំងការដំណើររបស់អ្នកថ្មើរជើងដែលធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះផងដែរ ការប៉ះទង្គិចគ្នានៅតែបន្តកើតមានរវាងក្រុមហេបូឡា និងកងកម្លាំងអ៊ីស្រាអែលដែលបានជ្រៀតជ្រែកដោយជោគជ័យចូលក្នុងភូមិឃៀនៅភាគអាគ្នេយ៍ប្រទេសលីបង់ នេះបើយោងតាមប្រភពដដែល។

ពួកគេបន្ថែមថា “ម៉ាស៊ីនកាំភ្លើងធំៗ គ្រាប់ធំ និងគ្រាប់រ៉ូកែតជាច្រើនគ្រាប់ ត្រូវបានប្រើក្នុងការប៉ះទង្គិចគ្នា   ស្របពេលដែលយន្តហោះចម្បាំងអ៊ីស្រាអែលកំពុង​ធ្វើ​ការ​វាយឆ្មក់​យ៉ាង​ខ្លាំងទៅលើតំបន់កណ្តាលនៃភូមិ។ ពួកគេបញ្ជាក់ថា បន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលទៅលើភូមិឃៀម ទំនាក់ទំនងត្រូវបានកាត់ផ្តាច់ជាមួយជនស៊ីវិលលីបង់១៧នាក់ដែលរស់នៅក្នុងផ្ទះមួយខ្នង។

ក្រុមហេបូឡាបាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសេចក្តីថ្លែការណ៍មួយដាច់ដោយឡែកថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបានវាយប្រហារលើទីបញ្ជាការកងទ័ព និងទីតាំងជាច្រើនកន្លែងរបស់អ៊ីស្រាអែលដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ក្នុងនោះមានដូចជា សហគមន៍ស្នឺរ ដាហ្វណា  ដាន នៅក្នុងតំបន់គីបូតហ្ស៊ីម និងសហគមន៍កសិកម្មហ្សាត និងបៀត ហ៊ីលឡែល ដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសអ៊ីស្រាអែល និងទីក្រុងម៉ាឡុតរបស់ប្រទេសអ៊ីស្រាអែល។

ប្រភពបន្ថែមថា យន្តហោះគ្មានមនុស្សបើកទំហំមធ្យម Hermes 900 មួយគ្រឿងរបស់អ៊ីស្រាអែលត្រូវបានបាញ់ទម្លាក់ក្នុងដែនអាកាសរបស់ទីក្រុងម៉ាចេអ៊ុន ភាគអាគ្នេយ៍ប្រទេសលីបង់។​

ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងខ្លាំងលើប្រទេសលីបង់ក្នុងក្នុងការបង្កើនការវាយប្រហារជាមួយក្រុមហេបូឡា។ កាលពីដើមខែនេះ អ៊ីស្រាអែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ជើងគោក​ឆ្លងកាត់​ព្រំដែន​ខាងជើង​របស់ខ្លួន​ចូលទៅក្នុង​ប្រទេស​លីបង់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here