ជនជាតិប៉ាឡេស្ទីន១៦នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

រដ្ឋប៉ាឡេស្ទីន៖ យ៉ាងហោចណាស់មនុស្ស ១៦នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើផ្ទះមួយខ្នងក្នុងក្រុងបេតឡាហៀរ ភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប នេះបើតាមប្រភពពីជនជាតិប៉ាឡេស្ទីននិយាយកាលពីថ្ងៃអង្គារ ទី២៩ នេះ។

សេចក្តីថ្លែងការណ៍សង្ខេបមួយធ្វើឡើងដោយក្រុមការពារជនស៊ីវិលសេចក្តីថា យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះមួយខ្នងក្បែរទីលាន បេត ឡាហៀរ។ អ្នកស្រុកបានសុំជំនួយពីក្រុមការពារជនស៊ីវិល និងក្រុមគ្រូពេទ្យ ប៉ុន្តែពុំមានសេវាទាំងនោះនៅភាគខាងជើងតំបន់ហ្កាហ្សានោះទេ។

កងទ័ពអ៊ីស្រាអែលមិនបានបញ្ចេញមតិចំពោះប្រតិបត្តិការយោធាចុងក្រោយនោះទេ។

អ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាដើម្បីសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសឆ្លងកាត់ចូលព្រំដែនភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបង្ករឲ្យមនុស្សប្រមាណជា ១.២០០នាក់ត្រូវបានសម្លាប់ និងមនុស្សមិនតិចជាង ២៥០នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង។

គួរបញ្ជាក់ផងដែរថា មន្ត្រីសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សានិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ៍នេះថា ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ដោយការវាប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបានកើនឡើងដល់ចំនួន ៤៣.០៦១នាក់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here