រដ្ឋប៉ាឡេស្ទីន៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៦នាក់ស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួសនៅថ្ងៃពុធនេះ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូរទាំងតំបន់ហ្កាហ្សា។
នៅភាគខាងត្បូងទីក្រុងហ្កាហ្សានៃរដ្ឋធានីខានយូនីស យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះមួយខ្នងនៅម្តុំផ្ទះរបស់លោក ស្ហេក ណាសឺរ បណ្តាលយឲ្យមនុស្ស ៤នាក់ស្លាប់ ក្នុងនោះមានក្មេងម្នាក់ និងស្រ្តី២នាក់ នេះបើយោងតាមប្រភពពីពេទ្យប៉ាឡេស្ទីន។
នៅកណ្តាលទីក្រុងហ្កាហ្សា គ្រូពេទ្យមកពីមន្ទីពេទ្យ អាល អាកសា ប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារតាមអាកាសលើលំនៅដ្ឋានតង់របស់ជនភៀសខ្លួននៅក្នុងតំបន់ឌៀរ អាល បាឡាស់ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងជាច្រើននាក់រងរបួស។ នៅតំបន់ភាគខាងជើងទីក្រុងហ្កាហ្សា ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារតាមអាកាសក្បែរផ្សារស្ហេក រ៉ាដវ៉ាន ក្នុងទីក្រុងហ្កាហ្សា បានសម្លាប់មនុស្ស ៦នាក់ និង២០នាក់ផ្សេងទៀតរងរបួស ចំណែកឯប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារតាមអាកាសមួយផ្សេងទៀតមានគោលដៅលើជនជាតិប៉ាឡេស្ទីនមួយក្រុមនៅទីក្រុងឆ្នេរសម្លាប់មនុស្ស ៥នាក់។
ក្នុងក្រុង បេត ឡាហៀ ដែលជាក្រុងមួយទៀតនៅភាគខាងជើងទីក្រុងហ្កាហ្សា មានមនុស្ស៨នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ប្រមូលផ្តុំម្តុំអាល សូតង់ នេះបើយោងតាមប្រភពពីគ្រូពេទ្យ និងសាក្សីកន្លែងកើតហេតុ។ សាលាក្រុង បៀត ឡាហៀ បានប្រកាសថា ទីក្រុងនេះជាតំបន់ “គ្រោះមហន្តរាយ” ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលជាបន្តបន្ទាប់។ កាលពីមួយថ្ងៃមុននេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអគារ ៥ជាន់មួយកន្លែងក្នុងទីក្រុងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៣នាក់។ ខាងសាលាក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងរងគ្រោះពី “គ្រោះមហន្តរាយមនុស្សធម៌” ដោយសារតែកង្វះខាតអាហារ ទឹក និងសេវាមូលដ្ឋានផ្សេងៗទៀត។
កងកម្លាំងការពារជាតិអ៊ីស្រាអែលកាលពីថ្ងៃពុធនេះបានបញ្ជាក់អំពីប្រតិបត្តិការយោធាដែលកំពុងបន្តដោយថ្លែងថាកងទ័ពបានសម្លាប់ក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ នៅទីក្រុងចាបាលៀរ ភាគខាងជើងទីក្រុងហ្កាហ្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
អ៊ីស្រាអែលប្រឆាំងបាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅទីក្រុងហ្កាហ្សាដើម្បីសងសឹកនឹងការបំផ្លិចបំផ្លាញរបស់ក្រុមហាម៉ាសតាមច្រកព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងពេលនោះមានមនុស្សប្រមាណជា ១.២០០នាក់ស្លាប់ និងមិនតិចជាង ២៥០នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅទីក្រុកហ្កាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ថាចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងហ្កាហ្សាកើនឡើងរហូតដល់ទៅ ៤៣.១៦៣នាក់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤