Zahedan, IRNA – ឆ្មាំព្រំដែនអ៊ីរ៉ង់បានបំផ្លាញផែនការមួយដែលរៀបចំដោយសមាជិកនៃក្រុមភេរវករដ៏ល្បីល្បាញដែលគាំទ្រដោយបរទេសឈ្មោះថាចាយអាល់អាដ (Jaish al-Adl) ពីការប៉ុនប៉ងជ្រៀតចូលទៅក្នុងខេត្តភាគអាគ្នេយ៍ ស៊ីស្តង់ (Sistan) និង ប៉ាឡូចេស្តង់ (Baluchestan)។
មជ្ឈមណ្ឌលព័ត៌មានរបស់ប៉ូលិសនៃខេត្តបានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា សមាជិកក្រុមភេរវករបាញ់ប្រហារទៅលើប៉ុស្តិ៍នប៉ូលិសមួយកន្លែងក្នុងតំបន់សាកឃើរ ស្រុកសាប៉ាប៉ាស់ ក្នុងគោលបំណងប៉ុនប៉ងជ្រៀតចូលលុកលុយ ប៉ុន្តែមិនបានសម្រេច។
ភេរវករទាំងនោះបានភៀសខ្លួនចេញពីចំនុចកើតហេតុ បន្ទាប់ពីប្រឈមមុខនឹងការវាយប្រហារតបតយ៉ាងខ្លាំងក្លាពីកងឆ្មាំព្រំដែនអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថា កិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងត្រូវបានអនុវត្តន៍ដើម្បីឈានទៅដល់ការចាប់ខ្លួនក្រុមចាយអាល់អាដនេះ។
ហេតុការណ៍នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថាចាប់ខ្លួនមនុស្ស ៤នាក់ដែលមានទំនាក់ទំនងនឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃអាទិត្យដោយក្រុម ចាយអាល់អាដ នៅទីក្រុងតាហ្វតាន់ (Taftan) ភាគអាគ្នេយ៍ប្រទេស។
ក្រុមចាយអាល់អាដបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលបានកើតឡើងនេះ បន្ទាប់ពីសមាជិករបស់ខ្លួនបាញ់ប្រហារទៅលើរថយន្តប៉ូលិសពីរគ្រឿងនៅតំបន់ហ្គូហាគូ (Goharkooh) ទីក្រុងតាហ្វតាន់ ដែលបណ្តាលឱ្យមន្ត្រីប៉ូលិសយ៉ាងហោចណាស់ ១០នាក់ស្លាប់៕
ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤