អ៊ីស្រាអែលសម្លាប់ប្រតិបត្តិករហេបូឡាដ៏សំខាន់ ២នាក់នៅលីបង់

0

ប្រទេសអ៊ីស្រាអែល៖ អ៊ីស្រាអែលនិយាយនៅថ្ងៃអាទិត្យនេះថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ប្រតិបត្តិករហេបូឡាដ៏សំខាន់ ២នាក់ដែលជាអ្នកទទួលខុសត្រូវលើការបាញ់គ្រាប់រ៉ូកែតនៅតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែលពីភាគខាងត្បូងប្រទេសលីបង់។

កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) បាននិយាយថា ពួកគេបានវាយប្រហារ និងសម្លាប់ក្រុមភេរវករមានដូចជា លោក ហ្វារ៉ុក អាមីន អាឡាស៊ី មេបញ្ជាការនៅក្នុងក្រុងឃៀម និងលោក យូសេហ្វ អាម៉ាដ នុន មេបញ្ជាការអង្គភាពកម្លាំងរ៉ាដវ៉ាននៅក្នុងក្រុងឃៀម។

កម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថា លោកអាឡាស៊ីជាអ្នកទទួលខុសត្រូវលើការបញ្ជាម៉ីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់រ៉ូកែតជាច្រើនវាយប្រហារចូលសហគមន៍អ៊ីស្រាអែលក្នុងតំបន់ហ្កាលីឡេ  ផេនហេនដល និងជាពិសេសតំបន់មេធូឡា។ ចំណែកឯលោក នុន គឺជាអ្នកទទួលខុសត្រូវលើការបាញ់គ្រាប់រ៉ូកែត និងមីស៊ីលប្រឆាំងរថក្រោះវាយប្រហារចូលទៅក្នុងសហគមន៍អ៊ីស្រាអែលមួយចំនួននៅក្នុងតំបន់កាលីឡេ ហើយកងទ័ពការពារជាតិអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់នោះ។

សន្តិសុខលីបង់​សុំមិនបញ្ចេញឈ្មោះ​ប្រាប់អ្នកសារព័ត៌មាន​ថា យន្តហោះចម្បាំង​អ៊ីស្រាអែល បានបាញ់​គ្រាប់មីស៊ីល​ចំនួន៤គ្រាប់ពីអាកាសមកដីត្រូវចំអគារ២ជាន់​នៅភាគខាងត្បូង​ក្រុង​ឃៀម ប្រទេស​លីបង់ ដោយ​បាន​សម្លាប់​មន្ត្រី​យោធា​ហេបូឡា ២នាក់ និង​បំផ្លាញ​ផ្ទះ​នោះ។

ការវាយប្រហារនេះគឺជាផ្នែកមួយនៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់កងទ័ពអ៊ីស្រាអែលនៅក្នុងក្រុងឃៀម ដែលជាបន្ទាយសំខាន់របស់ក្រុមហេបូឡា។  ប្រភពកត់សម្គាល់បន្ថែមថា ដោយសារទ័ពអ៊ីស្រាអែលចូលដល់ក្រុងឃៀម ទើបពួកគេបានឈានដល់ចំណុចខ្ពស់បំផុតនៃប្រតិបត្តិការលើដីរបស់ពួកគេ។

ក្រុមហេបូឡាមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញហេតុការណ៍នេះនៅឡើយទេ។

ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេបូឡា ដែលចាប់ផ្តើមកាលពីចុងខែតុលា បានបន្តមកដល់ថ្ងៃអាទិត្យម្សិលមិញនេះ។ កងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថា ខ្លួនបានប្រហារតាមអាកាសបន្ថែមទៀតទៅលើតំបន់បាលបេគ នៅភាគខាងកើតប្រទេសលីបង់ និងទីតាំងផ្សេងទៀតនៅក្នុងប្រទេសលីបង់ ចំណែកឯគ្រាប់រ៉ូកែតច្រើនជាង៣៥គ្រាប់ ត្រូវបានគេកំណត់បានថាបាញ់ចេញពីប្រទេសលីបង់ឆ្ពោះទៅភាគខាងជើងប្រទេសអ៊ីស្រាអែល ប៉ុន្តែមិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នានៅថ្ងៃអាទិត្យនេះ ក្រុមហេបូឡាបាននិយាយថា ពួកគេបានវាយប្រហារលើតំបន់ប្រមូលផ្តុំនៃទាហាននិងរថយន្តរបស់អ៊ីស្រាអែលដោយគ្រាប់រ៉ូកែតជាច្រើនគ្រាប់នៅក្នុងតំបន់វ័តថា អាល ឃៀម តំបន់ខាឡិត អាល អាសាហ្វឺនៃក្រុងឃៀម និងតំបន់ជាយខេហ្វាឃីឡានៅក្នុងតំបន់ថាល អាល ណាហាស  តំបន់ប្រជុំជនសារដា និងតំបន់ អាល អ៊ុំរ៉ាហ។

ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា កងទ័ពអ៊ីស្រាអែលបានបន្ថែមការវាយប្រហារតាមអាកាសលើប្រទេសលីបង់ដែលជាស្ថានភាពដ៏គ្រោះថ្នាក់​ជាមួយក្រុមហេបូឡា។ នៅដើមខែនេះ      អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការជើងគោកឆ្លងកាត់ព្រំដែភាគខាងជើងរបស់ខ្លួនចូលក្នុងប្រទេសលីបង់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here