មនុស្ស ៧នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

ប្រទេសលីបង់៖    មនុស្ស ៧នាក់​ត្រូវបានសម្លាប់ និង ២នាក់ផ្សេងទៀតរងរបួសនៅព្រឹកថ្ងៃពុធ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅភាគខាងកើតប្រទេសលីបង់ នេះបើយោងតាមប្រភពពីក្រុមការពារជនស៊ីវិលនិងយោធាលីបង់។

ប្រភពក្នុងក្រុមការពារជនស៊ីវិលដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា សមាជិករបស់ពួកគេ ដែលបានសហការជាមួយកាកបាតក្រហមលីបង់ យកបានសាកសព៧សពពីគំនរបាក់បែកនៅក្នុងភូមិអេល អេន ដែលស្ថិតនៅជាប់ទីក្រុងបាលបេក ភាគខាងកើតនៃប្រទេសលីបង់។

ប្រភពបន្ថែមថា ប្រតិបត្តិការស្វែងរកនៅតែដំណើរការដើម្បីស្វែងរកមនុស្ស ២នាក់ដែលបានបាត់ខ្លួន។

សាក្សីបាននិយាយថា អាគារ២ជាន់ត្រូវបានបំផ្លាញ ហើយក្រុមសង្គ្រោះកំពុងព្យាយាមរើគំនរបាក់បែក។

យោធាលីបង់បានប្រាប់អ្នកយកព័ត៌មានថា កាលពីព្រឹកថ្ងៃពុធយន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួន ២១លើកទៅលើទីប្រជុំជន ​និងភូមិចំនួន១៥កន្លែងនៅភាគខាងត្បូងប្រទេសលីបង់ និងវាយឆ្មក់៨លើកទៅលើភូមិ និងទីប្រជុំជនចំនួន ៥កន្លែងនៅភាគខាងកើតប្រទេសលីបង់។

ទន្ទឹមនឹងនេះផងដែរ ក្រុមហេបូឡាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាខាយោធារបស់ពួកគេ បានវាយប្រហារដោយគ្រាប់រ៉ូកែតជាច្រើនគ្រាប់ទៅលើទីតាំងជាច្រើនរបស់អ៊ីស្រាអែល ក្នុងនោះមានទាំងភូមិ និងទីប្រជុំជនជាច្រើន ក៏ដូចជាទីស្នាក់ការកណ្តាលនៃកងពលតូច ប្រីហ្គេត១៨៨ របស់អ៊ីស្រាអែលនៅបន្ទាយរ៉ាវ៉ីយ៉ា ក្នុងតំបន់ហ្កូឡេន៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here