ប្រទេសឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ១២នាក់រងរបួសបន្ទាប់ពីក្រុមភេរវករបានគប់គ្រាប់បែកដៃចូលហ្វូងមនុស្សនៅក្នុងផ្សារតាមដងផ្លូវនៅកណ្តាលទីក្រុងក្នុងតំបន់ស្រ៊ីណាហ្កា កាលពីថ្ងៃអាទិត្យ នេះបើយោងតាមទូរទស្សន៍ព័ត៌មានហ្ស៊ី។ ការវាយប្រហារនេះបានកើតឡើងនៅជិតមជ្ឈមណ្ឌលទទួលភ្ញៀវទេសចរណ៍ (TRC) ដែលមានការយាមកាមយ៉ាងខ្លាំង។
ការវាយប្រហារបានកើតឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីមេបញ្ជាការជាន់ខ្ពស់របស់ប៉ាគីស្ថាននៃក្រុមភេរវករ ឡេសការ អ៊ី តៃបា ដែលហៅកាត់ថា (LeT) ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៅក្នុងតំបន់ខាន់យ៉ា នៃទីប្រជុំជនស្រ៊ីណាហ្កា។
ភ្នាក់ងារព័ត៌មាន PTI បានរាយការណ៍ថា យោងតាមមន្ត្រីប៉ូលិស និងកងទ័ពប៉ារ៉ាបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុដើម្បីជម្លៀសអ្នករបួស និងបើកប្រតិបត្តិការស្វែងរកដានក្រុមភេរវករ។
ការផ្ទុះនេះបានធ្វើឱ្យមានភាពភ័យស្លន់ស្លោនៅក្នុងតំបន់នោះ ហើយអ្នកដើរទិញឥវ៉ាន់រត់ សម្រុករកកន្លែងលាក់ខ្លួន ។
កាលពីថ្ងៃសៅរ៍ អធិការនគរបាលនៃប៉ូលិស (IGP) តំបន់កាស្មៀរ លោកវីឌី ខូម៉ារ បឺរឌី បាននិយាយថា មេបញ្ជាការរបស់ក្រុមភេរវករ ឡេសការ អ៊ី តៃបា ត្រូវបានសម្លាប់ក្នុងការប្រឈមមុខដាក់គ្នានៅតំបន់ខានយ៉ា នៃស្រ៊ីណាហ្កា ក្នុងក្រុងចាម៊ូ និងកាស្មៀរ។
“ក្នុងពេលបច្ចុប្បន្នប្រតិបត្តិការនេះត្រូវបានបញ្ចប់។ កងកម្លាំងសន្តិសុខបានសម្លាប់ភេរវករម្នាក់ដែលគេស្គាល់ថាឈ្មោះ អុសម៉េន។ គាត់គឺជាមេបញ្ជាការក្រុមភេរវករ ឡេសការ អ៊ី តៃបា (LeT) ចំណែកបុគ្គលិកសន្តិសុខ ៤នាក់រងរបួស។ អុសម៉េនគឺជាភេរវករបរទេស ចំណែកឯតួនាទីនិងការជាប់ពាក់ព័ន្ធរបស់គាត់ក្នុងការសម្លាប់អធិការ ម៉ាសរ៉ូ (Masroor) ទទួលបានបើកកកាយជាសាធារណៈ ហើយការស៊ើបអង្កេតស៊ីជម្រៅកំពុងត្រូវបានធ្វើឡើងក្នុងករណីនេះ” នេះបើតាមអធិការនគរបាលនៃប៉ូលិសបានប្រាប់ទីភ្នាក់ងារព័ត៌មាន ANI។
ក្រុមមន្ត្រីបាននិយាយថា ក្រុមភេរវករពីរនាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខក្នុងអំឡុងពេលប្រឈមមុខដាក់គ្នានៅក្នុងស្រុកអាណានណាកនៃក្រុងចាម៊ូ និងកាស្មៀ កាលពីថ្ងៃសៅរ៍។ ការប្រឈមមុខដាក់គ្នាបានផ្ទុះឡើងបន្ទាប់ពីកងកម្លាំងសន្តិសុខបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្មនៅតំបន់ហាលខាន ហ្គាលី។
“ដោយផ្អែកលើរបាយការណ៍ជាក់លាក់ ប្រតិបត្តិការរួមគ្នាមួយត្រូវបានចាប់ផ្តើមដោយកងទ័ពឥណ្ឌា ប៉ូលិសក្រុងចាម៊ូ និងកាស្មៀ និងស៊ី្រណាហ្កា CRPF នៅក្នុងតំបន់ ហាលកា ហ្កាលី ស្រុកអាណានណាក។ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពគួរឱ្យសង្ស័យនៅជិតតំបន់ហាលខាន ហ្កាលី ត្រូវបានឃ្លាំមើល និងរឹតបណ្តឹងដោយទាហានយ៉ាងប្រយ័ត្នប្រយែង។ ជាលទ្ធផល ក្រុមភេរវករបានបើកការបាញ់ប្រហារដោយមិនលើកលែង។ កងទ័ពវាយបកសងសិកវិញ ដែលជាលទ្ធផលសម្លាប់ក្រុមភេរវករ ២នាក់។ ប្រតិបត្តិការគឺកំពុងដំណើរការ” នេះបើតាមកងអ្គភាពទ័ពឆាយណា (Chinar) កងទ័ពឥណ្ឌាបានសរសេលើបណ្តាញសង្គមអ៊ីក្ស៕
ប្រភព Zeenews.india.com ចុះផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤