ប្រទេសអ៊ីរ៉ាក់៖ សមាជិកក្រុមប៉េសមឺហ្គា (Peshmerga) ០៣នាក់ ដែលជាយោធារបស់រដ្ឋាភិបាលតំបន់ឃឺដ ក្នុងនោះរួមមានវរសេនីយ៍ឯក ២នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកលើដងផ្លូវកាលពីថ្ងៃអាទិត្យក្នុងខេត្តសាលាហ៊ូឌីន ភាគខាងជើងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។
លោក ម៉ូហាម៉េដ អាល បាហ្ស៊ី មកពីបញ្ជាការប៉ូលិសខេត្តបានប្រាប់ភ្នាក់ងារសារព័ត៌មានថា គ្រាប់បែកដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានបង្កៃចោលនៅក្បែរតំបន់ប្រជុំជនទូស ឃឺម៉ាទូ ភាគខាងកើតខេត្តសាលហ៊ូឌីន បានភ្លាត់កៃនៅពេលការល្បាតរួមគ្នារបស់កម្លាំងដែលមកពីកងទ័ពអ៊ីរ៉ាក់ និងប៉េសមឺហ្គាមកដល់ចំនុចនោះ។
លោក អាល បាហ្ស៊ី បាននិយាយថា ការបំផ្ទុះនេះបណ្តាលឱ្យទាហានអ៊ីរ៉ាក់ ៣នាក់រងរបួស។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់សំងំលាក់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត និងបានវាយឆ្មក់ជាញឹកញាប់មកលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤