ប្រទេសលីបង់៖ ទូរទស្សន៍ អាល ចាឌីដ បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើការិយាល័យគណបក្សបាអាត (Ba’ath) របស់ស៊ីរីនៅកណ្តាលទីក្រុងបេរ៉ូកាលពីថ្ងៃអាទិត្យនាពេលថ្ងៃត្រង់បានសម្លាប់ប្រធានប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេបូឡា លោក មូហាម៉ាដ អាហ្វីហ្វ និងមនុស្ស ៣នាក់ផ្សេងទៀត។
យោងតាមទូរទស្សន៍ អាល ចាឌីដ បានឱ្យដឹងថា យន្តហោះច្បាំងអ៊ីស្រាអែលបានវាយប្រហារលើការិយាល័យដែលមានទីតាំងស្ថិតនៅចន្លោះតំបន់ រ៉ាស អាលណាប៉ា និងមជ្ឈមណ្ឌលពាណិជ្ជកម្មសូដេកូ ដោយគ្រាប់មីស៊ីលបាញ់ពីលើអាកាស២គ្រាប់បន្ទាប់ពីគណបក្សបាតទទួលការហៅទូរស័ព្ទពីទាហានអ៊ីស្រាអែលសុំឱ្យជម្លៀសមនុស្សចេញពីអគារដែលរៀបចំកម្មវិធីជប់លៀង។
ទូរទស្សន៍ អាល ចាឌីដ បានរាយការណ៍ថា គ្រប់ផ្នែកទាំងអស់នៃអាគារដែលគេកំណត់គោលដៅនោះគឺត្រូវបានបំផ្លាញក្នុងពេលវាយប្រហារតាមអាកាស ចំណែកឯរថយន្តសង្គ្រោះបន្ទាន់ប្រញាប់ប្រញាល់ទៅទីតាំងកើតហេតុដើម្បីកាយគំនរបាក់បែក និងស្វែងរកជនរងគ្រោះ។
ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា មក ទាហានអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសទៅលើប្រទេសលីបង់ក្នុងជម្លោះដ៏ក្តៅគគុកជាមួយក្រុមហេបូឡា។ នៅដើមខែតុលា ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការជើងគោកឆ្លងកាត់ព្រំដែនភាគខាងជើងរបស់ខ្លួនចូលក្នុងទឹកដីប្រទេសលីបង់។
យោងតាមក្រសួងសុខាភិបាលលីបង់ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសលើប្រទេសលីបង់ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ មានចំនួនកើនឡើងដល់ ៣.៤៥២នាក់ និងអ្នករបួសមានរហូតដល់ ១៤.៦៦៤នាក់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤