ការវាយប្រហារតាមអាកាសរបស់អាមេរិកសម្លាប់ក្រុមសកម្មប្រយុទ្ធ៥នាក់នៅស៊ីរី

0

ប្រទេសស៊ីរី៖ អ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អាមេរិកបានសម្លាប់សមាជិក៥នាក់របស់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់​ និងសមាជិកជាច្រើននាក់ផ្សេងទៀតរងរបួសនៅភាគខាងកើតប្រទេសស៊ីរីនៅថ្ងៃអង្គារនេះ។

ក្រុមអ្នក​សង្កេតការណ៍ដែល​មាន​មូលដ្ឋាន​នៅប្រទេស​​អង់គ្លេស​បាន​រាយការណ៍ថា យន្តហោះ​ចម្បាំង​អាមេរិក​បានកំណត់គោល​ដៅ​វាយប្រហារលើចំនុចប្រមូលផ្តុំយោធានៅ​តំបន់វាលខ្សាច់​ អាល ឃ្វួរ៉ីយ៉ាហ នៃខេត្ត ឌៀរ អេហ្ស័រ។ មានគេនិយាយថា ការវាយប្រហារតាមអាកាសកើតឡើងបន្ទាប់​ពី​គ្រាប់រ៉ូកែតដែលគេជឿថាត្រូវបានបាញ់​ដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រប្រទេសអ៊ីរ៉ង់​បានធ្លាក់​នៅក្បែរ​មូលដ្ឋានអាមេរិកក្នុង​តំបន់ជនបទ អាល ហាសាកាស ភាគឦសានប្រទេសស៊ីរី។

ស្របពេលនោះផងដែរ ការផ្ទុះជាប់ៗគ្នាដែលប្រភពបាញ់មិនដឹងចេញពីណាបានបន្លឺសំឡេងឡើងនៅមូលដ្ឋានយោធាអាមេរិកនៅខាងក្នុងតំបន់មូលដ្ឋានប្រេង អាល អូមារ ក្នុងខេត្ត ឌៀរ អេហ្ស័រ នេះបើតាមសម្តីរបស់អ្នកសង្កេតការណ៍។

អ្នកសង្កេតការណ៍បានបន្ថែមថា គេបានប្រទះឃើញយន្តហោះចម្បាំងអាមេរិកហោះលើភូមិមួយចំនួនដែលបានហោះទៅដល់ទីប្រជុំជនមេយ៉ាឌីន ក្នុងខេត្ត ឌៀរ អេហ្ស័រ ក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់។

ពុំទាន់មានរបាយការណ៍អំពីចំនួនអ្នកស្លាប់និងរបួសបន្ថែមទៀតទេ។

គេសង្កេតឃើញថា​ តំបន់នោះមានការកើនឡើងនៃភាពតានតឹងរវាងកងកម្លាំងអាមេរិក និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ដែលកើតឡើងគួរឲ្យកត់សម្គាល់នៅភាគឦសានប្រទេសស៊ីរី៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here