ប្រទេសលីបង់៖ យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពលីបង់បង្ហោះនៅលើបណ្តាញសង្គមអ៊ីក្ស បានឲ្យដឹងថា នៅថ្ងៃអង្គារនេះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅលើមជ្ឈមណ្ឌលយោធាលីបង់ នៅភូមិភាគខាងត្បូង សារ៉ាហ្វាន ដោយបានសម្លាប់ទាហានលីបង់ ៣នាក់។
មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា ការវាយប្រហារតាមអាកាសនេះក៏បានបណ្តាលឱ្យមនុស្ស៨នាក់ផ្សេងទៀតរងរបួសផងដែរក្នុងនោះមានក្រុមជនស៊ីវិលដែលរស់នៅជុំវិញតំបន់ទាំងនោះ។
សន្តិសុខលីបង់បានប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍នេះបានកើតឡើងនៅពេលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់គ្រាប់ម៉ីស៊ីលពីអាកាសចំនួន២គ្រាប់ទៅលើបុស្តិ៍យោធានៅភូមិសារ៉ាហ្វានសម្លាប់ទាហាន៣នាក់ដែលមកពីផ្នែកចារកម្មរបស់ទាហាន និង បំផ្លាញបុស្តិ៍នោះ។
ហេតុការណ៍នេះកើតឡើងបន្ទាប់ពីការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មន្ត្រីយោធាលីបង់២នាក់ និង៣នាក់ផ្សេងទៀតរងរបួសនៅក្បែរទីក្រុងម៉ារ៉ី ដែលជាតំបន់ភាគខាងកើតនៃភាគខាងត្បូងប្រទេសលីបង់។
ក្រសួងការបរទេស និងអន្តោប្រវេសន៍ នៅថ្ងៃចន្ទនេះបានណែនាំគណៈប្រតិភូអចិន្ត្រៃយ័របស់លីបង់ប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជាការតបស្នងទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលម្តងហើយម្តងទៀតមកលើយោធាលីបង់។
មរណភាពរបស់ទាហានទាំង៣នាក់នេះបានធ្វើឲ្យចំនួនអ្នកស្លាប់នៃកងទ័ពកើនដល់ ៣៩នាក់ចាប់តាំងពីចាប់ផ្តើមសង្គ្រាមនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។
សូមរំលឹកផងដែរថា ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា កងទ័ពអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនទៅលើប្រទេសលីបង់ក្នុងជម្លោះដ៏ក្តៅគគុកជាមួយក្រុមហេបូឡា។ អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការជើងគោកបន្ថែមទៀតឆ្លងកាត់ព្រំដែនភាគខាងជើងរបស់ខ្លួនចូលក្នុងប្រទេសលីបង់នៅដើមខែតុលា៕
ប្រភព Xinhua ចុះផ្សាយថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៤