ប្រទេសតួកគី៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសតួកគីបានឃុំខ្លួនមនុស្ស២នាក់ដែលគេសង្ស័យថាជាសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអង្គារក្នុងករណីរៀបចំផែនការដើម្បីវាយប្រហារដោយគ្រាប់បែក។ភ្នាក់ងារសារព័ត៌មានដឺមៀររូរិន បាននិយាយថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីផ្នែកប្រឆាំងភេរវកម្មនៃនាយកដ្ឋានប៉ូលិសអ៊ីស្តង់ប៊ុលទទួលបានរបាយការណ៍ស៊ើបការណ៍សម្ងាត់ ដែលរៀបរាប់ពីផែនការរបស់់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដើម្បីវាយប្រហារក្នុងទីក្រុង។
អាជ្ញាធរកំណត់បានអត្តសញ្ញាណជនសង្ស័យម្នាក់ ដែលប្រើឈ្មោះនៅលើអនឡាញថា បេកៀរ អាល ឃឺឌី បានបង្ហោះសំណួរនៅលើបណ្តាញសង្គមសួរអំពីរបៀបផលិតគ្រាប់បែកចង្រ្កានខ្សែភ្លើង (pressure cooker bomb)។ អ្នកស៊ើបអង្កេតបានតាមដានគាត់ដល់ស្រុកហ្កាស៊ីអូម៉ានផាសសា ជាកន្លែងដែលគេរកឃើញថាគាត់កំពុងធ្វើការជាមួយជនសង្ស័យម្នាក់ទៀត នេះបើតាមសម្តីរបស់ប៉ូលិស។
ការឆែកឆេរក្នុងលំនៅដ្ឋានរបស់ពួកគេបានរកឃើញគ្រឿងផ្ទុះដែលងាយផ្ទុះ បរិមាណដ៏ច្រើននៃសារធាតុគីមីផលិតគ្រាប់បែក ឧបករណ៍មន្ទីរពិសោធន៍ ឧបករណ៍ក្លែងបន្លំ របាំងមុខ ឯកសណ្ឋានប្រើក្នុងមន្ទីពិសោធន៍ ទង់ជាតិក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ឯកសារបោះពុម្ពផ្សាយជាច្រើនដែលគេហាមឃាត់ និងសម្ភារៈឌីជីថលជាច្រើន នេះបើយោងតាមប៉ូលិស។ប្រទេសតួកគីដែលបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ជាអង្គការភេរវកម្មក្នុងឆ្នាំ២០១៣ បានប្រឈមនឹងការវាយប្រហារជាច្រើនលើកដោយក្រុមមួយនេះក្នុងរយៈពេលបុន្មានឆ្នាំចុងក្រោយនេះ។ កងកម្លាំងសន្តិសុខតួកគីបានបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្មទូទាំងប្រទេស ដោយកំណត់គោលដៅទៅលើជនសង្ស័យដែលជាសមាជិក និងអ្នកគាំទ្រនៃក្រុមនេះ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤