ជនជាតិប៉ាឡេស្ទីន២នាក់ស្លាប់ក្នុងការវាយប្រហារដោយដ្រូនអ៊ីស្រាអែល

0

រដ្ឋប៉ាឡេស្ទីន៖ ប្រភពពីប៉ាឡេស្ទីននិងអ៊ីស្រាអែលនិយាយថា ជនជាតិប៉ាឡេស្ទីន២នាក់​ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសនៅថ្ងៃអង្គារ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើរថយន្តមួយគ្រឿងនៅទីក្រុងធូបាសភាគខាងជើងតំបន់វ៉េសបេង។

មន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីនប្រចាំនៅទីក្រុងរ៉ាម៉ាឡាហនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីថា “មនុស្ស​២នាក់​ត្រូវបានសម្លាប់​ និងម្នាក់រងរបួសមធ្យមនៅត្រង់ផ្នែកអវយវៈក្រោមដោយសារកងទ័ពអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើរថយន្តមួយគ្រឿងក្បែរតំបន់ប្រជុំជនអាកាបា”។

 ប្រភពនិងសាក្សីនៅកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានថា យន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅច្រកចូលក្រុងអាកាបាសម្លាប់មនុស្ស២នាក់ និងម្នាក់ទៀតរងរបួស។

ប្រភពនិងសាក្សីបាននិយាយថា ក្រោយមកកងទ័ពអ៊ីស្រាអែលបានសម្រុកចូលទៅផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ ធូបាស ឃាត់ខ្លួនបុគ្គលិកពេទ្យមួយចំនួន និងចាប់ខ្លួនមនុស្សមួយចំនួនផ្សេងទៀតនៅក្នុងមន្ទីពេទ្យ។

កងទ័ពអ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះរបស់កងទ័ពអាកាសបានវាយប្រហារលើទីតាំងក្រុមតូចរបស់ភេរវករមួយកន្លែង ដោយមិនបានបញ្ជាក់លម្អិតពីហេតុការណ៍នេះទេ។

អត្តសញ្ញាណជនដែលជាគោលដៅនៅក្នុងរថយន្តឬបក្សបួកក្រុមប៉ាឡេស្ទីនណាមួយដែលពួកគេធ្វើការឲ្យនៅមិនទាន់ដឹងនៅឡើយ។

យោងតាមប្រភពពីក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងចំពេលដែលទីក្រុង ជំរំ និងភូមិជាច្រើននៅតំបន់វ៉េសបេងត្រូវបានគេមើលឃើញថាប្រឈមនឹងភាពតានតឹងចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ជនជាតិប៉ាឡេស្ទីន មិនតិចជាង ៨០០នាក់​ ត្រូវបានសម្លាប់​ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល និងការវាយប្រហារដោយគ្រាប់ផ្លោងទូទាំងតំបន់វ៉េសបេង៕

 ប្រភព Xinhua ចុះផ្សាយថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here