សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)៖ យោងតាមប្រភពពីខាងយោធាបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដែលពាក់ព័ន្ធនឹងក្រុមឧទ្ទាមនៃកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ ហៅកាត់ថា (ADF) នៅពាក់កណ្តាលយប់ថ្ងៃអាទិត្យ នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។
ប្រភពមួយសុំមិនបញ្ចេញឈ្មោះប្រាប់អ្នកសារព័ត៌មានថា ក្រុមឧទ្ទាមបានវាយប្រហារលើ ភីឃេ២០ (PK20) ដែលជាភូមិមួយនៅតាមបណ្តោយផ្លូវអ៊ឹមបាវ ឃឹមម៉េនហ្កូ ទីក្រុងបេនី ភាគខាងកើតខេត្តណ័ស គីវ៉ូ ដែលជាតំបន់កណ្តាលនៃការវាយប្រយុទ្ធគ្នារវាងយោធា និងក្រុមប្រដាប់អាវុធជាច្រើនក្រុម។
អ្នកភូមិមួយចំនួនត្រូវបានចាប់ជំរិត និងមួយចំនួនទៀតនៅតែបាត់ខ្លួន។
កាទូហូ គីណូស ដែលជាមេដឹកនាំជនស៊ីវិលម្នាក់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ត្រូវបានសម្លាប់ និងចំនួនអ្នកស្លាប់ដែលទំនងអាចនឹងកើនឡើងនៅពេលដែលប្រតិបត្តិការរុករកនៅតែបន្ត។
លោកប្រាប់អ្នកសារព័ត៌មានថា “មានផ្ទះជាច្រើនខ្នងត្រូវភ្លើងឆាបឆេះ។ ជាបណ្តោះអាសន្ន នេះគឺជាការវាយតម្លៃបឋម”។
កងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩០ ដោយចលនាប្រឆាំងជាច្រើននៅប្រទេសអ៊ូហ្កង់ដា និងត្រូវបានបង្ក្រាបដោយកងទ័ពអ៊ូហ្កង់ដា ប៉ុន្តែសមាជិកទាំងនេះនៅតែចូលរួមសកម្មនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ កងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យបានប្រកាសពីការចងសម្ព័ន្ធភាពជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងឆ្នាំ២០១៧។
ចាប់តាំងពីចុងឆ្នាំ២០២១ កងទ័ពអ៊ូហ្កង់ដា និងយោធាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបើកប្រតិបត្តិការរួមគ្នាប្រឆាំងនឹងក្រុមឧទ្ទាមនៃកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
កងទ័ពអ៊ូហ្កង់ដាប្រឆាំងនឹងកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ២០១៦ ពេលដែលកម្លាំងយោធារដ្ឋាភិបាលបានចូលទៅក្នុងព្រៃជ្រៅនៃទឹកដីរបស់ទីក្រុងបេនីដើម្បីប្រមាញ់ក្រុមឧទ្ទាមនៃកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ ដែលពួកគេត្រូវបានកំណត់គោលដៅចាប់ខ្លួនដោយកងពលតូចពិសេសមួយចំនួនដែលមានដូចជា កងពលតង់សានី កងពលម៉ាឡាវី និងក្រុមអ្នករក្សាសន្តិភាពនៅប្រទេសអាហ្វ្រិកខាងត្បូង។
គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០១៧ យ៉ាងហោចណាស់ អ្នករក្សាសន្តិភាពតង់ហ្សានី ១៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យទៅលើមូលដ្ឋានអាកាសរបស់ពួកគេនៅក្នុងទីក្រុងបេនី៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤