នីហ្សេរីយ៉ា៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៦នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសនៅព្រឹកថ្ងៃពុធ ពេលដែលជនសង្ស័យដែលជាក្រុមចោរប្រដាប់អាវុធបានបំផ្ទុះគ្រាប់បែកកែច្នៃដែលបានបង្កប់នៅខាងក្រោមស្ពានមួយកន្លែងនៅភាគពាយ័ព្យរដ្ឋហ្សាមហ្វារ៉ា។
លោក មូហាមិដ ដាលីជអាន អគ្គស្នងការនគរបាលរដ្ឋហ្សាមហ្វារ៉ា បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា រថយន្ត២គ្រឿងដែលបើកលើគ្រឿងផ្ទុះត្រូវបានបំផ្លាញខ្ទេចខ្ទីនៅក្រោមស្ពានម៉ាយ ឡាមប៉ា តាមបណ្តោយផ្លូវ ដេនសាដុ ហ្កូសា នៅក្នុងតំបន់រដ្ឋបាលម៉ារុ។
លោក ដាលីជអាន កត់សម្គាល់ថា ការវាយប្រហារដោយគ្រឿងផ្ទុះគឺជាការវាយប្រហារលើកទី២ នៅទីតាំងនោះក្នុងសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះដែលបានសម្លាប់អ្នកធ្វើដំណើរម្នាក់ បំផ្លាញរថយន្តមួយគ្រឿង និងបំផ្លាញស្ពាននៅត្រង់ទីតាំងដែលបង្កប់គ្រឿងផ្ទុះនោះ។
លោកអគ្គស្នងការនគរបាលបានបន្ថែមថា ជនរងគ្រោះនៃហេតុការណ៍កាលពីថ្ងៃពុធគឺជាអ្នកស្រុក ក្នុងនោះមានស្រ្តីជាច្រើននាក់ធ្វើដំណើរចេញពីរដ្ឋធានីហ្កូសា ទៅតំបន់ដេនសាដុ។
ប៉ូលិសបានដាក់ពង្រាយក្រុមយុទ្ធសាស្ត្រដើម្បីបញ្ជាក់ពីប្រភេទគ្រឿងផ្ទុះតាមរយៈការធ្វើតេស្តពិសោធន៍៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤