មនុស្ស ៣នាក់ស្លាប់​ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

 

ទីក្រុងបេរូត៖ ភ្នាក់ងារសារព័ត៌មានជាតិលីបង់បានឱ្យដឹងថា មនុស្ស៣នាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យក្នុងការវាយប្រហារតាមអាកាសអ៊ីស្រាអែលលើភូមិឌីប៊ីន ក្នុងស្រុកម៉ាជេអ៊ុន ភាគខាងត្បូងប្រទេសលីបង់។

ភ្នាក់ងារសារព័ត៌មានជាតិលីបង់បន្ថែមថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយឆ្មក់នៅភាគខាងកើតតំបន់ភ្នំនៅចន្លោះភូមិហ្សាបាដ និងតំបន់ប្រជុំជនអានចារ ដែលមានទីតាំងក្នុងជ្រលងបេកា។

ស្របពេលជាមួយគ្នានេះផងដែរ កងទ័ពអ៊ីស្រាអែលបានចាប់ជំរិតជនជាតិលីបង់២នាក់ចេញពីក្រុង អ៊ីនឈីនៀ ក្នុងស្រុកហាបាយ៉ា ក្នុងពេលដែលពួកគេកំពុងបេះផ្លែអូលីវ។

កងទ័ពអ៊ីស្រាអែលបានសរសេរលើបណ្តាញសង្គមអ៊ីក្សថា បច្ចុប្បន្នកងទ័ពខ្លួនកំពុងធ្វើប្រតិបត្តិការនៅភាគខាងត្បូងប្រទេសលីបង់​ ដើម្បីការពារក្រុមហេបូឡាមិនឱ្យពង្រាយកម្លាំង និងដើម្បីលុបបំបាត់ភាពភ័យខ្លាច ដោយបន្ថែមទៀតថា សកម្មភាពនេះគឺស្របតាមការព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់។

បទឈប់បាញ់គ្នាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងបារាំង ទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកា ក្នុងគោលបំណងផ្អាកការប្រយុទ្ធគ្នាដែលមានរយៈពេល ១៤ខែរវាង    អ៊ីស្រាអែល​ និងក្រុមហេបូឡា។

ទោះបីជាមានបទឈប់បាញ់គ្នាក៏ដោយ ភាពតានតឹងនៅតែមានកម្រិតខ្ពស់ដោយសារភាគីទាំងសងខាងចោទប្រកាន់គ្នាថាបំពានបទឈប់បាញ់ ដែលបង្កឱ្យមានការបារម្ភចំពោះភាពស្ថិតស្ថេរនៃកិច្ចព្រមព្រៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here