ប្រទេសអ៊ីរ៉ាក់៖ សេវាកម្មសន្តិសុខអ៊ីរ៉ាក់ ហៅកាត់ថា (INSS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្រ្តីសន្តិសុខអ៊ីរ៉ាក់២នាក់ត្រូវបានសម្លាប់នៅថ្ងៃចន្ទនេះក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅភាគខាងលិចខេត្តអានបារប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ដោយមានការអនុវត្តន៍សកម្មភាពដែលផ្អែកលើរបាយការណ៍ និងការតាមដានរបស់ក្រុមចារកម្ម សមាជិកនៃសេវាកម្មសន្តិសុខអ៊ីរ៉ាក់បានប៉ះទង្គិចគ្នាជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបន្ទាប់ពីការវាយឆ្មក់លើផ្ទះមួយខ្នងក្នុងខេត្ត។
ការប៉ះទង្គិចគ្នានេះបណ្តាលឱ្យមន្រ្តីសេវាកម្មសន្តិសុខអ៊ីរ៉ាក់២នាក់ និងក្រុមសកម្មប្រយទ្ធរដ្ឋអ៊ីស្លាម២នាក់ស្លាប់។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុនចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត និងតែងតែធ្វើការវាយឆ្មក់ជាញឹកញាប់មកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕