វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌បាននិយាយកាលពីថ្ងៃសុក្រថា ទាហានអាមេរិកម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំពីបទប៉ុនប៉ងជួយក្រុមរដ្ឋអ៊ីស្លាមក្នុងការវាយឆ្មក់សម្លាប់ទាហានអាមេរិក។
ក្រសួងបាននិយាយថា លោក ខូល ប្រីដចេស ដែលគេស្គាល់ថាជា ខូល ហ្គុន ហ្សាឡេស មានអាយុ២៤ ឆ្នាំនឹងស្ថិតក្រោមការតាមដានរយៈពេល១០ឆ្នាំ បន្ទាប់ពីដោះលែងចេញពីពន្ធនាគារ។
លោក ប្រីដចេស ដែលមានឋានន្តរសក្តិជាពលបាលទោនៅពេលចាប់ខ្លួននោះ ត្រូវបានចោទប្រកាន់កាលពីឆ្នាំ២០២១ ពីបទ “ផ្តល់ដំបូន្មានអំពីយោធា និងណែនាំអំពីរបៀបសម្លាប់មិត្តទាហានដល់បុគ្គលដែលគាត់គិតថាជាផ្នែកមួយនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS)” ។
គាត់បានសារភាពកំហុសចំពោះបទចោទអំពើភេរវកម្មក្នុងខែមិថុនា ឆ្នាំ២០២៣។
លោក ប្រីដចេស បានចូលរួមជាមួយកងទ័ពនៅឆ្នាំ២០១៩។
យោងតាមក្រសួងយុត្តិធម៌បានឱ្យដឹងថា មុនពេលចូលរួម គាត់បានចាប់ផ្តើមស្រាវជ្រាវ និងការផ្សព្វផ្សាយតាមអ៊ីនធឺណិត “ផ្សព្វផ្សាយពីក្រុមជីហាដ និងមនោគមវិជ្ជាហិង្សារបស់ពួកគេ ហើយចាប់ផ្តើមបង្ហាញការគាំទ្ររបស់គាត់ចំពោះក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) និងគាំទ្រក្រុមជីហាដនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម”។