កងកម្លាំងអ៊ីស្រាអែលវាយប្រហារតាមអាកាសជាច្រើនលើកលើទីប្រជុំជននៅភាគខាងត្បូងប្រទេសលីបង់ សម្លាប់មនុស្ស២នាក់ និង៦នាក់របួស បើទោះបីជាបទឈប់បាញ់គ្នាដែលបានព្រមព្រៀងជាមួយក្រុមហេសបូឡាកំពុងបន្តយ៉ាងទូលំទូលាយក៏ដោយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើភូមិ រ៉ាប អេល ថាឡាហ្ស៊ីន ភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់មនុស្ស២នាក់ និង២នាក់ទៀតរងរបួសកាលពីថ្ងៃសៅរ៍។
ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលក៏បានកំទេចរថយន្តមួយគ្រឿងនៅក្នុងក្រុងម៉ាចដាលហ្សូន ក្នុងស្រុកថាយអ័រ នៃរដ្ឋបាលខេត្តខាងត្បូង បណ្តាលឲ្យមនុស្ស៣នាក់របួសក្នុងនោះមានកុមារម្នាក់។
យោងតាមក្រសួងបានឱ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើតំបន់ធីបណាហ ក្នុងទីក្រុងប៊ីសារ៉ីយ៉ា ក្នុងសង្កាត់សាយដុន នៃរដ្ឋបាលខេត្តភាគខាងត្បូង ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់រងរបួស។
យោធាអ៊ីស្រាអែលបាននិយាយថា ពួកគេបានវាយប្រហារលើទីតាំងរបស់ក្រុមហេសបូឡាមួយកន្លែងក្នុងក្រុងស៊ីដុន ដែលជាទីតាំងបាញ់គ្រាប់រ៉ូកែតរបស់ក្រុមប្រដាប់អាវុធ។
ប្រភពបានបន្ថែមថា ពួកគេបានវាយប្រហារលើរថយន្តមួយគ្រឿងនៅភាគខាងត្បូងប្រទេសលីបង់ ដែលផ្ទុកដោយគ្រាប់បែកដៃ គ្រាប់រំសេវ និងឧបករណ៍យោធា ដែលជាផ្នែកមួយនៃសកម្មភាពរបស់ខ្លួនប្រឆាំងនឹងការរំលោភបទឈប់បាញ់គ្នា។
អ៊ីស្រាអែលបន្តវាយប្រហារជាច្រើនលើក បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ដែលបញ្ចប់បានរយៈពេលច្រើនជាង១៣ខែនៃការប្រយុទ្ធគ្នារវាងយោធាអ៊ីស្រាអែល និងក្រុមហេសបូឡា។
ភាគីទាំងពីរចោទគ្នាទៅវិញទៅមកថាបានរំលោភលើលក្ខខណ្ឌនៃបទឈប់បាញ់គ្នាចាប់តាំងពីបទឈប់បាញ់នោះបានចូលជាធរមានកាលពីថ្ងៃពុធ។
នៅក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ក្រុមហេសបូឡាមានបំណងដកកងកម្លាំងរបស់ខ្លួននៅភាគខាងជើងនៃទន្លេលីថានី ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ (២០ម៉ាយ) ខាងជើងព្រំដែន ហើយរុះរើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់។
អ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួនចេញនៅភាគខាងត្បូងនៃខ្សែបន្ទាត់ខៀវ ដែលជាព្រំដែនជាក់ស្តែង ក្នុងលក្ខណៈជាដំណាក់កាល ចំណែកឯកងទ័ពលីបង់ និងកងរក្សាសន្តិភាពអង្គការសហប្រជាជាតិនឹងដាក់ពង្រាយកម្លាំងនៅភាគខាងត្បូងប្រទេសលីបង់ ដោយសារកងទ័ពអ៊ីស្រាអែលដកខ្លួនលើសរយៈពេល ៦០ថ្ងៃ។
អ៊ីស្រាអែលបានទទូចលើ “សេរីភាពខាងយោធាពេញលេញ” របស់ខ្លួននៅក្នុងប្រទេសលីបង់ ប្រសិនបើក្រុមហេសបូឡារំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា ឬប៉ុនប៉ងដើម្បីសងសឹក។
ចាប់តាំងពីខែតុលាឆ្នាំ២០២៣ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់បានសម្លាប់មនុស្សយ៉ាងហោចណាស់៣.៩៦១នាក់ បង្ករបួសស្នាមជាង១៦.៥០០នាក់ និងមនុស្សជាងមួយលាននាក់បានជម្លៀសចេញ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។
អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា ការវាយប្រហាររបស់ក្រុមហេសបូឡានៅភាគខាងជើងប្រទេសអ៊ីស្រាអែល និងតំបន់ហ្គូលេនហាយ ដែលអ៊ីស្រាអែលកាន់កាប់ បានសម្លាប់ជន ស៊ីវិល៤៥នាក់ និងសម្លាប់ទាហានអ៊ីស្រាអែលយ៉ាងហោចណាស់៧៣នាក់៕