ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបានអះអាងកាលពីថ្ងៃអង្គារថាបានសម្លាប់ក្រុមភេរវករ ១៥នាក់ក្នុងប្រតិបត្តិការនៅស្រុកហ្សូប នៅខេត្តប៉ាឡូជីស្ថានភាគនិរតីប្រទេសប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការដោយផ្អែកលើការស៊ើបអង្កេតត្រូវបានធ្វើឡើងនៅថ្ងៃអង្គារក្នុងតំបន់សាមបាហ្សានៃស្រុកហ្សូប។
ISPR បានបន្ថែមថា ក្នុងពេលប្រតិបត្តិការ កងទ័ពបានសម្លាប់ក្រុមភេរវករ១៥នាក់ ក្រៅពីនោះកងទ័ពបានរកឃើញអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើន នៅទីតាំងកើតហេតុ។
ប្រភពកងទ័ពបានបន្ថែមទៀតថា ទាហានម្នាក់បានពលីកម្មនៅក្នុងប្រតិបត្តិការនេះ។
យោងតាម ISPR បានបន្ថែមទៀតថា ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់៕