តំបន់ហ្កាហ្សា៖ កងពលតូចអាល់ កាហ្ស៊ីម ដែលជាសាខានៃក្រុមប្រដាប់អាវុធហាម៉ាសបាននិយាយនៅថ្ងៃអង្គារថា ក្រុមសកម្មប្រយុទ្ធរបស់ពួកគេបានបំផ្ទុះគ្រាប់បែកបង្កៃនៅក្នុងផ្ទះមួយ ដោយកំណត់គោលដៅលើក្រុមទាហានអ៊ីស្រាអែល និងប៉ះទង្គិចគ្នាជាមួយអង្គភាពអ៊ីស្រាអែលផ្សេងទៀត ក្នុងហេតុការណ៍២ដោយឡែកពីគ្នានៅជំរំជនភៀសខ្លួនចាបាលៀភាគខាងជើងតំបន់ហ្កាហ្សា។
កងពលតូចបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបំផ្ទុះនេះបានកំណត់គោលដៅលើទាហានអ៊ីស្រាអែល១១នាក់ ដែលជាលទ្ធផលមានមនុស្សស្លាប់ និងរបួសជាច្រើននាក់នៅកណ្តាលទីក្រុងចាបាលៀ។
នៅក្នុងហេតុការណ៍មួយផ្សេងទៀតនៅភាគខាងលិចនៃជំរំចាបាលៀ កងពលតូចបាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានសម្លាប់ទាហានអ៊ីស្រាអែល៣នាក់នៅមិនឆ្ងាយពីគ្នាក្នុងពេលប៉ះទង្គិចគ្នាជាមួយអង្គភាពទ័ពថ្មើរជើង។ សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមទៀតថា បន្ទាប់មកគេបានឃើញឧទ្ធម្ភាគចក្រជាច្រើនគ្រឿងជម្លៀសអ្នកស្លាប់។
យោធាអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការវាយប្រហារនេះនៅឡើយទេ។
គួររំលឹកផងដែរថា អ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងតំបន់ហ្កាហ្សាបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានសម្រុកចូលទឹកដីភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងបានសម្លាប់មនុស្សប្រមាណ១២.០០០នាក់ និងបានចាប់មនុស្សប្រមាណ២៥០នាក់ជាចំណាប់ខ្មាំង។ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាបាននិយាយថា នៅថ្ងៃអង្គារចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងដល់៤៥.០៥៩នាក់៕