មនុស្ស២នាក់ស្លាប់ និង៤នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅស៊ីរី

0

ប្រទេសស៊ីរី៖ វិទ្យុក្នុងស្រុក ស្ហេម អេហ្វអឹម បានរាយការណ៍ថា រថយន្តបង្កៃគ្រាប់បែកមួយគ្រឿងបានផ្ទុះឡើងនៅថ្ងៃអង្គារក្នុងទីក្រុងម៉េនប៊ីជដែលស្ថិតនៅភាគឦសានទីក្រុងអាឡិបប៉ូ ភាគខាងជើងប្រទេសស៊ីរី សម្លាប់មនុស្ស២នាក់ និងបណ្តាលឲ្យរងរបួសមនុស្សយ៉ាងហោចណាស់៤នាក់ផ្សេងទៀត។

សេចក្តីការណ៍ព័ត៌មានបង្ហាញថា គ្រឿងផ្ទុះកែច្នៃបង្កប់ក្នុងរថយន្តជនស៊ីវិលនៅលើផ្លូវ អាលថាចនីត បានបង្កឱ្យមានភ្លើងឆាបឆេះដល់រថយន្តក្បែរគ្នា និងបានបំផ្លាញផ្ទះជាច្រើនខ្នងនៅក្នុងតំបន់នោះ។

ពុំមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ។

ចាប់តាំងពីការដួលរលំនៃរបបលោក បាស្ហា អាលអាសសាដនៅដើមខែនេះ  ការប៉ះទង្គិចគ្នាបានកើនឡើងរវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយឃឺដដែលគាំទ្រដោយអាមេរិកហៅកាត់ថា (SDF) និងកងទ័ពជាតិស៊ីរីដែលគាំទ្រដោយតួកគីហៅកាត់ថា (SNA) ដែលជាពិសេសដើម្បីគ្រប់គ្រងលើទីក្រុងម៉េនប៊ីជ និងតំបន់ជុំវិញទាំងនោះ។

SNA បានអះអាងថាបានចូលទៅដល់ទីក្រុងម៉េនប៊ីជ ហើយពេលថ្មីៗនេះបានធ្វើយុទ្ធនាការបោសសម្អាតគ្រប់ច្រកល្ហក ចំណែកឯ SDF និយាយនៅថ្ងៃអង្គារថាពួកគេបានបើកការវាយប្រហារដើម្បីដណ្តើមតំបន់ក្បែរទីក្រុងម៉េនប៊ីជមកកាន់កាប់វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here