ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបាននិយាយនៅយប់ថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករចំនួន១១នាក់ក្នុងប្រតិបត្តិការចំនួន៤លើកដាច់ដោយឡែកពីគ្នាក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដែលផ្អែកលើការស៊ីបអង្កេតក្នុងតំបន់មឺរ អាលី ស្រុកវ៉ារ៉ីស្ថានខាងជើង សម្លាប់ក្រុមភេរវករ ៥នាក់។
ISPR បានបន្ថែមថា ក្នុងប្រតិបត្តិការលើកទី២ដែលត្រូវបានធ្វើឡើងនៅក្នុងតំបន់មឺរ អាលី មានពួកភេរវករ៣នាក់ត្រូវបានសម្លាប់ដោយកងទ័ព។
យោងតាមប្រភពយោធា ការប្រឈមមុខដាក់គ្នាមួយទៀតបានកើតឡើងនៅក្នុងតំបន់ម៉ីរ៉ាន ស្ហាហ ស្រុកវ៉ារ៉ីស្ថានខាងជើង ដែលឈានទៅដល់ការសម្លាប់ភេរវករ២នាក់។
ISPR បញ្ជាក់បន្ថែមទៀតថា ក្នុងប្រតិបត្តិការលើកទី៤ ដែលធ្វើឡើងដោយកម្លាំងសន្តិសុខក្នុងតំបន់ដារ៉ាប៉េន ស្រុកដេរ៉ាអ៊ីស្មែលខាន់ ក្រុមភេរវករម្នាក់ផ្សេងទៀតត្រូវបានសម្លាប់។
ខាងយោធាបាននិយាយថា អាវុធនិងគ្រាប់រំសេវត្រូវបានរឹបអូសពីពួកភេរវករដែលស្លាប់ដែលពួកគេទាំងនោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្ម។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា កងកម្លាំងសន្តិសុខប៉ាគីស្ថានប្តេជ្ញាចិត្តក្នុងការលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មចេញពីប្រទេសនេះ៕