ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់ស្លាប់កាលពីថ្ងៃសុក្រក្នុងការវាយប្រហារតាមអាកាសនៅខេត្តអានបារភាគខាងលិចប្រទេសអ៊ីរ៉ាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឱ្យដឹងថា ដោយផ្អែកតាមរបាយការណ៍ចារកម្ម ដែលកងកម្លាំងអ៊ីរ៉ាក់បានធ្វើការវាយប្រហារតាមអាកាសកំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងតំបន់វាលខ្សាច់ ក្នុងខេត្តអានបារ។
សេចក្តីថ្លែងការណ៍បាននិយាយថា យោងតាមរបាយការណ៍ដំបូងការវាយប្រហារតាមអាកាសបានសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់ ក្រៅពីការបំផ្លាញអាវុធ គ្រាប់រំសេវ ឧបករណ៍និងសម្ភារៈដឹកជញ្ជូន។
ដោយអ៊ីរ៉ាក់ប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧ ក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់បានបន្តវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅក្នុងតំបន់ទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាល៕