ភេរវករ៣នាក់ត្រូវបានសម្លាប់បន្ទាប់ពីប៉ូលិសរារាំងការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យ

0

ប្រទេសប៉ាគីស្ថាន៖ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍មានខ្លឹមសារថា ប៉ូលិសបង្ក្រាបបានដោយជោគជ័យលើការវាយប្រហារភេរវកម្មលើប៉ុស្តិ៍ត្រួតពិនិត្យ ហើយបានសម្លាប់អ្នកវាយប្រហារចំនួន៣នាក់ក្នុងស្រុកដៀរ៉ា ហ្កាហ្ស៊ី ខាន ខេត្តផុនចាប​ ភាគខាងកើតប្រទេសប៉ាគីស្ថាន។

អ្នកនាំពាក្យប៉ូលិសផុនចាបបាននិយាយថា ភេរវករដែលមានចំនួនប្រមាណជា២០ ទៅ ២៥នាក់បានអនុវត្តផែនការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យឡាខានី ក្នុងស្រុកជាប់ព្រំប្រទល់ជាមួយខេត្តខាយប័រ ផាកថុនវ៉ា កាលពីយប់ថ្ងៃសុក្រ ដោយការវាយប្រហារនោះបានប្រើកាំភ្លើងត្បាល់ រ៉ូកែត sniper និងអាវុធធន់ធ្ងន់ផ្សេងទៀត។

អ្នកនាំពាក្យបាននិយាយថា “ទោះបីការវាយប្រហារខ្លាំងក្លាយ៉ាងណាក៏ដោយ កងកម្លាំងប៉ូលិស កងកម្លាំងវរជន អង្គភាពប្រតិបត្តិការពិសេស(SOU) រួមគ្នាការពារយ៉ាងស្វិតស្វាញបណ្តេញអ្នកវាយប្រហារឲ្យដកថយ”។

តាមព័ត៌មានផ្លូវការបានឲ្យដឹងថា សាកសពភេរវករ៣នាក់ត្រូវបានរកឃើញបន្ទាប់ពីការវាយប្រហារភេរវករត្រូវបានបង្ក្រាបដោយប៉ូលិស។ ស្លាកស្នាមនៅលើដីបានបង្ហាញថាភេរវករជាច្រើននាក់បានរងរបួសផងដែរនៅក្នុងការបាញ់ប្រហារនេះ។

អ្នកនាំពាក្យបាននិយាយថា ដោយសារការវាយប្រហារនេះ សន្តិសុខនៅតាមតំបន់ព្រំដែនត្រូវបានរឹតបន្តឹង ហើយប្រតិបត្តិការរុករកកំពុងដំណើរការដើម្បីលុបបំបាត់ការគំរាមកំហែងដែលអាចកើតមានឡើង។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here