ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្បែរកន្លែងជួបជុំមួយកាលពីថ្ងៃសៅរ៍ក្នុងស្រុកម៉ាស្តាំង ខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។
មន្រ្តីប៉ូលិសម្នាក់បានប្រាប់អ្នកយកព័ត៌មានថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានប៉ុនប៉ងសម្រុកចូលទៅលើវេទិការនៃការជួបជុំមួយដែលរៀបចំឡើងដោយគណបក្សជាតិម៉េងហ្កាលប៉ាឡូជីស្ថាន (BNP-M) ដើម្បីកំណត់គោលដៅដឹកនាំរបស់គណបក្ស ប៉ុន្តែគាត់ត្រូវបានបញ្ឈប់នៅបរិវេណសន្តិសុខខាងក្រៅក្នុងតំបន់ឡេក ផាស។
តាមព័ត៌មានផ្លូវការបាននិយាយថា “នៅពេលអ្នកយាមព្យាយាមឆែកឆេរគាត់មុនអនុញ្ញាតិឱ្យគាត់ចូលរួមក្នុងកម្មវិធី អ្នកបំផ្ទុះគ្រាប់បែកព្យាយាមបំផ្ទុះអាវកាក់បង្កប់គ្រឿងផ្ទុះ ប៉ុន្តែមិនបានសម្រេច។ បន្ទាប់មកគាត់បានព្យាយាមរត់ចេញពីកន្លែងនោះ ហើយបង្កឱ្យមានការផ្ទុះ”។
ការផ្ទុះនេះបង្ករបួសស្នាមដល់អ្នកចូលរួមកម្មវិធីចំនួន៦នាក់ រួមទាំងសន្តិសុខដែលដេញតាមគាត់។ ប៉ូលិស កងកម្លាំងសន្តិសុខ និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ហើយដឹកអ្នករងរបួសទៅមន្ទីពេទ្យក្បែរនោះ។ អ្នករបួស២នាក់មានសភាពធ្ងន់ធ្ងរ។
សាក្សីម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានទៅដល់ទីតាំងដោយជិះម៉ូតូ ជាមួយនឹងបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួនបន្ទាប់ពីអ្នកវាយប្រហារចុះពីលើម៉ូតូ។
មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕