ស្លាប់៥នាក់ដោយសារកងកម្លាំងរដ្ឋាភិបាលវាយបកទៅលើក្រុមហ៊ូធី

0

ប្រទេសយ៉េម៉ែន៖ មន្ត្រីយោធាប្រាប់និយាយថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងរវាងក្រុមសកម្មប្រយុទ្ធហ៊ូធី និងកងកម្លាំងគាំទ្ររដ្ឋាភិបាលក្នុងខេត្តដាលៀ ភាគខាងត្បូងប្រទេសយេម៉ែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍បន្សល់អ្នកស្លាប់និងរបួសទាំងសងខាង។

មន្ត្រីម្នាក់ប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការប្រយុទ្ធគ្នាផ្ទុះឡើងនៅក្នុងតំបន់បាតាដែលស្ថិតនៅភាគខាងជើងខេត្តដាលៀ បន្ទាប់ពីកងកម្លាំងរបស់ក្រុមហ៊ូធីប៉ុនប៉ងជ្រៀតចូលទីតាំងដែលគ្រប់គ្រងដោយរដ្ឋាភិបាល។

ប្រភពនិយាយថា “កងទ័ពរដ្ឋាភិបាលបានវាយបកទៅលើការវាយប្រហារនោះដោយបង្ខំឱ្យក្រុមសកម្មប្រយុទ្ធដកថយ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស” ។​ ទាហានរដ្ឋាភិបាល២នាក់ និងអ្នកប្រយុទ្ធរបស់ហ៊ូធី៣នាក់ស្លាប់។

ការប៉ះទង្គិចគ្នាបានកើតឡើងមួយថ្ងៃបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលបាននិយាយថា ការត្រៀមខ្លួនប្រយុទ្ធត្រូវបានធ្វើឡើងនៅទូទាំងជួរមុខជាច្រើន រួមទាំងតំបន់ភាគខាងត្បូងផងដែរ។

កាលពីថ្ងៃសៅរ៍ ប្រធាន​ក្រុមប្រឹក្សាភាពជាអ្នកដឹកនាំនៃប្រធានាធិបតីរបស់ប្រទេសយេម៉ែន លោក រ៉ាស្ហាដ អាល អាលីមី បានថ្លែងក្នុងពិធីស្រាយបួសដោយលើកឡើងថា កងកម្លាំងរដ្ឋាភិបាលកំពុងត្រៀមដើម្បីដណ្តើមយករដ្ឋធានីសាណាមកវិញ និងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូធី​ផ្សេងទៀត ដែលលោកថាគោលបំណងនេះ “កាន់តែជិតជាងមុន”

ភាពតានតឹងនេះកើតឡើងនៅពេលដែលប្រតិបត្តិការយោធាសហរដ្ឋអាមេរិកប្រឆាំងនឹងការពង្រីករបស់ក្រុមហ៊ូធីដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់។ ក្រុមនេះគ្រប់គ្រងលើរដ្ឋធានីសាណា និងផ្នែកដ៏ធំនៃភាគខាងជើង និងតំបន់កណ្តាលប្រទេសយ៉េម៉ែន។

ក្រុមហ៊ូធីដណ្តើមរដ្ឋធានីសាណានៅចុងឆ្នាំ២០១៤ ជំរុញឱ្យកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតធ្វើអន្តរាគមន៍ផ្នែកយោធានៅឆ្នាំ២០១៥ ដើម្បីស្តាររដ្ឋាភិបាលឡើងវិញ។

ជម្លោះនេះបានបង្កើតវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ដូចជារាលដាលនៃភាពអត់ឃ្លាន ការផ្លាស់ទីលំនៅ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here