ប្រទេសលីបង់៖ មេដឹកនាំជាន់ខ្ពស់ហ៉ាម៉ាសលោក ហាសាន ហ្វាហាត និងកូនប្រុស២នាក់ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃសុក្រនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើផ្ទះល្វែងមួយកន្លែងនៅក្នុងទីក្រុងស៊ីដុនភាគខាងត្បូងប្រទេសលីបង់ នេះបើតាមប្រភពសន្តិសុខលីបង់ និងប៉ុស្តិ៍ទូរទស្សន៍ អាល ចាឌីដរបស់លីបង់។
មន្ត្រីសន្តិសុខលីបង់បានប្រាប់អ្នកយកព័ត៌មានថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់មីស៊ីល២គ្រាប់ទៅលើផ្ទះល្វែងមួយកន្លែងក្នុងសង្កាត់អាល ហ្សារ៉ា កណ្តាលទីក្រុងស៊ីដុន ជាកន្លែងដែលមេដឹកនាំហាម៉ាសលោក ហាសាន ហ្វាហាត កំពុងស្នាក់នៅ។
មន្ត្រីរូបនោះបាននិយាយថា “ការវាយប្រហារបង្កឱ្យមានភ្លើងឆាបឆេះផ្ទះល្វែងនោះដែលបណ្តាលឱ្យលោក ហ្វាហាត និងកូនប្រុស២នាក់ស្លាប់” ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីការពារជនស៊ីវិលបានពន្លត់ភ្លើង ចំណែកឯរថយន្តសង្គ្រោះបន្ទាន់កាកបាទក្រហមរបស់លីបង់ដឹកសាកសពទៅកាន់មន្ទីពេទ្យ។
ទោះបីជាមានបទឈប់បាញ់គ្នារវាងក្រុមហេបូឡា និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី២៧
ខែវិច្ឆកា ឆ្នាំ២០២៤ ក៏ដោយ ក៏យោធាអ៊ីស្រាអែលនៅតែវាយប្រហារម្តងម្កាលទៅលើប្រទេសលីបង់ ដោយអះអាងថាពួកគេមានគោលបំណងកម្ចាត់ “ការគំរាមកំហែងរបស់ក្រុមហេបូឡា”។
អ៊ីស្រាអែលក៏នៅតែរក្សាវត្តមានយោធានៅទីតាំងសំខាន់ៗចំនួន៥នៅតាមបណ្តោយព្រំដែនប្រទេសលីបង់ បើទោះបីជានៅក្រោយថ្ងៃដែលគេកំណត់ឲ្យដកទ័ពចេញបានកន្លងផុតកាលពីថ្ងៃទី១៨ ខែមេសាក៏ដោយ៕









