ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀត ក្នុងនោះមានមេបញ្ជាការម្នាក់រងរបួសក្នុងការវាយប្រហាររបស់ក្រុមសម្មប្រយុទ្ធទៅលើប៉ូលិសនៅក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីព្រឹកថ្ងៃសុក្រ នេះបើតាមប្រភពពីប៉ូលិស។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ៩:២០នាទីព្រឹក ក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់ នៅពេលដែលមេបញ្ជាការប៉ុស្តិ៍ប៉ូលិស (SHO) កំពុងធ្វើដំណើរដោយរថយន្តឯកជនជាមួយនឹងមន្ត្រីប៉ូលិសដើម្បីបង្ហាញខ្លួនជាសាក្សីនៅក្នុងសំណុំរឿងតុលាការពាក់ព័ន្ធនឹងអំពើភេរវកម្ម នេះបើតាមប្រភពប្រាប់មកអ្នកយកព័ត៌មាន។
ប្រភពបានបន្ថែមថា“ជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណបានបើកការបាញ់ប្រហារទៅលើរថយន្តនោះ សម្លាប់ប៉ូលិសម្នាក់នៅនឹងកន្លែង និងបង្ករបួសដល់មេបញ្ជាការប៉ុស្តិ៍ប៉ូលិសរួមជាមួយសមត្ថកិច្ច៣នាក់ផ្សេងទៀតមុនពេលពួកគេរត់គេចចេញពីកន្លែងកើតហេតុ”។
អ្នករងរបួសត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យក្បែរនោះ។ ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
កងកម្លាំងសន្តិសុខបានបិទតំបន់នោះ និងបានបើកប្រតិបត្តិការរុករកដើម្បីតាមរកដានអ្នកវាយប្រហារ។
គួរបញ្ជាក់ផងដែរថា ស្រុកដេរ៉ាអ៊ីស្មែលខាន់ត្រូវបានគេកត់សម្គាល់ថាមានអំពើរហិង្សាដែលបង្កដោយក្រុមសកម្មប្រយុទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាញឹកញាប់ផ្តោតលើតែកងកម្លាំងសន្តិសុខ និងបុគ្គលិករដ្ឋាភិបាល៕