ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានម្នាក់របស់ខ្លួនបានស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនៅទីក្រុងបៀតហាណោន ភាគខាងជើងហ្កាហ្សាកាលពីថ្ងៃសៅរ៍នេះ។
ទាហានដែលស្លាប់នោះមានឈ្មោះថា ហ្កាឡិប ស្លីម៉េន អាលណាសាសរ៉ា គឺជាអ្នកតាមដានអាយុ៣៥ឆ្នាំមកពីទីក្រុងរ៉ាហាតរបស់បេឌូអ៊ីននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល នេះបើតាមសេចក្តីថ្លែងការណ៍។
ប្រភពបន្ថែមថា អ្នកតាមដានរបស់ IDF ម្នាក់ទៀតនិងទាហានស្រី២នាក់ផ្សេងទៀតមានរបួសយ៉ាងធ្ងន់ធ្ងរ។
ព័ត៌មានប៉ុស្តិ៍លេខ១២របស់អ៊ីស្រាអែលបានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានចេញមកពីផ្លូវរូងក្រោមដីដែលលាក់កំបាំង និងបានបាញ់ RPG ទៅលើកងកម្លាំង IDF បង្ករបួស្នាមដល់ទាហានស្ត្រី២នាក់។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រយៈពេលប្រមាណជាកន្លះម៉ោងក្រោយមក កម្លាំងជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុ ហើយឧបករណ៍ផ្ទុះកែច្នៃត្រូវបានបំផ្ទុះដើម្បីប្រឆាំងនឹងវា។ ជាលទ្ធផលលោក អាលណាសាសរ៉ា ស្លាប់ ចំណែកឯអ្នកតាមដានផ្សេងទៀតរងរបួស។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃសៅរ៍ IDF បាននិយាយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់សមាជិកពួកសកម្មប្រយុទ្ធហាម៉ាសមិនតិចជាង៤០នាក់នោះទេនៅក្នុងទីក្រុងរ៉ាហ្វាហ ភាគខាងត្បូងទីក្រុងហ្កាហ្សាកាលពីចុងសប្តាហ៍នេះ៕