ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់២៩នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ នេះបើតាមក្រុមការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា។
លោក ម៉ាហម៉ូដ ប៉ាសាល អ្នកនាំពាក្យក្រុមការពារជនស៊ីវិលបានប្រាប់អ្នកយកព័ត៌មានថា នៅកណ្តាលទីក្រុងហ្កាហ្សាមានមនុស្ស១០នាក់ត្រូវបានសម្លាប់ និងមួយចំនួនទៀតរងរបួសដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើលំនៅដ្ឋានក្នុងជំរំជនភៀសខ្លួនណឺសៀរ៉ាត។
លោក ប៉ាសាល និយាយថា ភាគខាងត្បូងទីក្រុងហ្កាហ្សា ស្រ្តីជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើតង់របស់ជនភៀសខ្លួនក្នុងទីក្រុង ខានយូនីស និង៤នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារ២ដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលទៅលើទីក្រុងនេះ។ ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ីស្រាអែលក្នុងទីក្រុងរ៉ាហ្វាហ និង៥នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងទីក្រុងដែលជាកន្លែងក្រុមគ្រូពេទ្យ និងក្រុមការពារជនស៊ីវិលបានចូលទៅដល់តិចតួចបំផុត។
លោក ប៉ាសាល បាននិយាយថា ក្រៅពីនេះ មានមនុស្ស៨នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួន២ដាច់ដោយឡែកពីគ្នាទៅលើកន្លែងជួបជុំគ្នារបស់ជនជាតិប៉ាឡេស្ទីននៅក្នុងសង្កាត់អាល ថាហ្វហ្វាហ និងអាល ហ្សាយថោន នៅភាគខាងត្បូង និងភាគខាងកើតទីក្រុងហ្កាហ្សា និងទីក្រុងបៀត ឡាហៀរ ភាគខាងជើងទីក្រុងហ្កាហ្សា។
ស្របពេលគ្នានេះផងដែរ ប្រភពក្នុងស្រុករាយការណ៍ថា កាំភ្លើងធំអ៊ីស្រាអែលបានបាញ់ស្រោចទៅលើតំបន់ជាយក្រុងភាគខាងកើតហ្កាហ្សា ចំពេលមានការបាញ់កាំភ្លើងចេញពីរថយន្ត យន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រ។
កងទ័ពអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយលើការវាយប្រហារនេះនៅឡើយទេ។
អ៊ីស្រាអែលបានបិទការនាំចូលជំនួយមនុស្សធម៌ទាំងអស់ចូលក្នុងតំបន់ហ្កាហ្សាចាប់តាងពីថ្ងៃទី២ ខែមីនា។ បន្ទាប់មកទៀតអ៊ីស្រាអែលបានបិទបញ្ចប់បទឈប់បាញ់គ្នាដែលមានរយៈពេល ២ខែជាមួយក្រុមហាម៉ាសនៅថ្ងៃទី១៨ ខែមីនា និងបានបន្តការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកទៅលើតំបន់ជុំវិញនោះ។
គួរបញ្ចាក់ផងដែរថា អាជ្ញាធរអ៊ីស្រាអែលបាននិយាយនៅថ្ងៃអាទិត្យថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន១.៨២៧នាក់ និងបង្ករបួសដល់មនុស្ស៤.៨២៨នាក់ផ្សេងទៀត។ ចំនួនអ្នកស្លាប់ចាប់តាំងពីមានសង្គ្រាមកើតឡើងនៅខែតុលា ឆ្នាំ២០២៣ បានកើនដល់៥១.២០១នាក់ និងអ្នករបួស១១៦.៨៦៩នាក់៕