ប្រទេសប៉ាគីស្ថាន៖ បូលិសក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទថា ពួកភេរវករយ៉ាងហោចណាស់១០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការសន្តិសុខរួមគ្នានៅខេត្តផុនចាប ភាគខាងកើតប្រទេសប៉ាគីស្ថាន។
សេចក្តីថ្លែងការណ៍ប៉ូលិសមានខ្លឹមសារថា ប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងនៅក្នុងតំបន់ម៉ាកាវ៉ល ស្រុកម៉េនវ៉ាលី ដែលជាកន្លែងមានការបាញ់ប្រហារគ្នារវាងក្រុមសកម្មប្រយុទ្ធ និងមន្ត្រីអនុវត្តច្បាប់។
“ក្រុមសកម្មប្រយុទ្ធមិនតិចជាង១០នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងប្រតិបត្តិការដែលធ្វើឡើងរួមគ្នាដោយប៉ូលិសផុនចាប និងនាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD)” នេះបើតាមសេចក្តីថ្លែងការណ៍។
ក្នុងអំឡុងការប្រឈមមុខដាក់គ្នាពលរដ្ឋក្នុងស្រុកម្នាក់បានរងរបួសត្រង់ជើងពីការបាញ់ប្រហារហើយត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរនោះដើម្បីព្យាបាល។ សូមបញ្ជាក់ផងដែរថា មិនមានមន្ត្រីប៉ូលិសឬCTD រងរបួសអំឡុងពេលប្រតិបត្តិការនេះទេ។
អធិការនរគបាលខេត្តផុនចាបលោក អូសម៉េន អានវើរ បានអបអរសាទរដល់ក្រុមប៉ូលិសស្រុកម៉េនវ៉ាលី និងក្រុម CTD លើប្រតិបត្តិការដ៏ជោគជ័យ ដោយបញ្ជាក់ថា កងកម្លាំងសន្តិសុខនៅតែប្រុងប្រយ័ត្ន និងត្រៀមខ្លួនរូចជាស្រេចដើម្បីកម្ចាត់ការគំរាមកំហែងទាំងឡាយណាទៅដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕









