ការវាយប្រហារដោយកាំភ្លើងធំរបស់ក្រុមហ៊ូធីសម្លាប់ទាហាន៤នាក់នៅភាគខាងត្បូងយេម៉ែន

0

ប្រទេសយេម៉ែន៖ មន្ត្រីយោធាប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ូធីរបស់ប្រទេសយេម៉ែនបានបើកការវាយប្រហារដោយកាំភ្លើងធំមកលើកងកម្លាំងរដ្ឋាភិបាលនៅខេត្តឡាហិច ភាគខាងត្បូងប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍ សម្លាប់ទាហាន៤នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។

មន្ត្រីក្នុងស្រុកនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា​ ការវាយប្រហាររបស់ក្រុមហ៊ូធីបានកំណត់គោលដៅលើទាហានរបស់កងពលតូចកងទ័ពថ្មើរជើងលេខ៥ ដែលឈរជើងនៅព្រំដែនកឺស ខេត្តឡាហិច បង្កឲ្យមានការប្រឈមមុខគ្នាជាច្រើនម៉ោងរវាងភាគីទាំងពីរ។

ប្រភពដដែលបន្ថែមថា តំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅភាគខាងត្បូងប្រទេសយេម៉ែនប្រឈមនឹងការវាយប្រហារជារឿយៗពីក្រុមឧទ្ទាមហ៊ូធីដោយប្រើកាំភ្លើងធំឬយន្តហោះគ្មានមនុស្សបើក។

ភាពតានតឹងនៅភាគខាងត្បូងប្រទេសយ៉េមែនកើតឡើងចំពេលប្រតិបត្តិការយោធាអាមេរិកពង្រឹងដើម្បីប្រឆាំងនឹងក្រុមហ៊ូធី ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងលើរដ្ឋធានីសាណា និងមួយផ្នែកធំនៃភាគខាងជើង និងភាគកណ្តាលប្រទេសយេម៉ែន។ ក្រុមហ៊ូធីដណ្តើម បានក្រុងសាណានៅចុងឆ្នាំ២០១៤ ជំរុញឲ្យក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ធ្វើអន្តរាគមន៍យោធានៅឆ្នាំ២០១៥ ដើម្បីស្តាររដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

ជម្លោះដែលបានអូសបន្លាយរយៈពេលយូរមកហើយបានបង្កើតវិបត្តិមួយក្នុងចំណោមវិបត្តិ មនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក  ដែលមានដូចជា ការរីករាលដាលនៃភាពអត់ឃ្លាន ការផ្លាស់ទីលំនៅ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here