ប្រទេសប៉ាគីស្ថាន៖ យោងតាមប្រភពផ្លូវការបានឲ្យដឹងថា កងទ័ពប៉ារ៉ាយ៉ាងហោចណាស់៤នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ។
ប្រភពពីប៉ូលិសក្រុងប្រាប់អ្នកយកព័ត៌មានថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជាយក្រុងឃ្វេតា ជាកន្លែងដែលរថយន្តដឹកក្រុមដោះគ្រាប់បែករងការវាយប្រហារដោយគ្រឿងផ្ទុះកែច្នៃ។
ប្រភពបានបន្ថែមថា “ពេលដែលរថយន្តរបស់ក្រុមដែលមកពីអង្គភាពកងទ័ពព្រំដែនរងការវាយប្រហារដោយគ្រឿងផ្ទុះកែច្នៃនេះ គឺពួកគេកំពុងធ្វើប្រតិបត្តិការជាប្រចាំនៅក្នុងតំបន់”។
កងទ័ពដែលរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្បែរនោះដើម្បីទទួលការព្យាបាល។ កងកម្លាំងសន្តិសុខបានបិទតំបន់នោះ ហើយបានបើកប្រតិបត្តិតាមចាប់ជនដៃដល់។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
គួររំលឹកផងដែរថា ខេត្តប៉ាឡូជីស្ថានប្រឈមនឹងអំពើហិង្សាជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមន្ត្រីសន្តិសុខជាញឹកញាប់ត្រូវបានកំណត់គោលដៅវាយប្រហារដែលគេអះអាងថាធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធផ្សេងៗគ្នា៕









