ប្រទេសអ៊ីរ៉ាក់៖ ប្រភពសន្តិសុខបាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់ត្រូវបានសម្លាប់ ហើយសមាជិកសន្តិសុខអ៊ីរ៉ាក់ម្នាក់រងរបួសនៅថ្ងៃអាទិត្យក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅភាគខាងជើងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។
លោកវរសេនីយត្រី អេសាម យ៉ាហា មេបញ្ជាការប៉ូលិសក្រុងបាដាដ បានប្រាប់អ្នកយកព័ត៌មានថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅពេលដែលកងកម្លាំងចម្រុះបានធ្វើប្រតិបត្តិការតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងតំបន់ថាមីយ៉ា ចម្ងាយប្រមាណជា៤០គីឡូម៉ែត្រ ភាគខាងជើងក្រុងបាដាដ។
លោក យ៉ាហា និយាយថា ការប៉ះទង្គិចគ្នានេះបណ្តាលឱ្យក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់ស្លាប់ និងសមាជិកសន្តិសុខម្នាក់របួស។ លោកបានបន្ថែមថា ប្រតិបត្តិការនេះបានបន្តដោយសារកងកម្លាំងចម្រុះរុករកក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់។
ដោយអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅឆ្នាំ២០១៧ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បន្តការវាយប្រហារមកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតាមតំបន់ទីក្រុង វាលខ្សាច់ និងតំបន់ដាច់ស្រយាល៕