ប្រទេសលីបង់៖ ប្រភពសន្តិសុខបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ បានសម្លាប់សមាជិកក្រុមហេបូឡាម្នាក់ និងម្នាក់ទៀតរងរបួស ក្នុងការវាយប្រហារលើគោលដៅរថយន្តមួយគ្រឿងនៅក្បែរទីក្រុងណាប៉ាទៀ។
ប្រភពពីក្រសួងការពារជនស៊ីវិលលីបង់ប្រាប់អ្នកយកព័ត៌មានថា យន្តហោះគ្មានមនុស្សបើក
អ៊ីស្រាអែលបានវាយប្រហារលើរថយន្តមួយគ្រឿងអមដំណើររថយន្តដឹកគ្រាប់មីស៊ីលនៅលើផ្លូវសាកលវិទ្យាល័យស្ថិតនៅចន្លោះខេត្តឃេហ្វារ៉ាមិន និងទីក្រុងណាប៉ាទៀ។ ប្រភពបានបន្ថែមថា ក្រុមសង្គ្រោះបានរកឃើញសាកសពចំនួនមួយ និងអ្នករបួសម្នាក់ចេញពីរថយន្តនោះ ហើយបានបញ្ជូនពួកគេទៅមន្ទីពេទ្យ។
ប្រភពសន្តិសុខលីបង់បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានថា អ្នកដែលស្លាប់គឺជាសមាជិកក្រុមហេបូឡាដែលមានឈ្មោះថា អាដណាន ហាប មកពី សង្កាត់ថាយអ័រ ក្រុងហាលូស៊ីយ៉ា ភាគខាងត្បូងប្រទេសលីបង់។
ដោយឡែក យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារតាមអាកាសជាបន្តបន្ទាប់ពេញមួយយប់ទៅលើតំបន់ភ្នំនៅតាមបណ្តោយព្រំដែនរវាងប្រទេសលីបង់-ស៊ីរី ជិតទីក្រុងបាលបេក ភាគខាងកើតប្រទេសលីបង់ និងការវាយប្រហារតាមអាកាស៤លើកទៅលើផ្ទះជាច្រើនខ្នង ក្នុងភូមិភាគខាងលិចស្រុកថាយអ័រ ហាហ្វា ភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA)។
ការវាយប្រហារតាមអាកាសនៅតែកើតមានឡើង បើទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហេបូឡា និងអ៊ីស្រាអែល ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានផ្អាករយៈពេលជាងមួយឆ្នាំនៃភាពប្រទូស្តរ៉ាយខាងយោធាដែលបង្កឡើងដោយសង្គ្រាមនៅតំបន់ហ្កាហ្សា។
កងទ័ពអ៊ីស្រាអែលបានប្រកាសថា ការវាយប្រហារតាមអាកាសជាញឹកញាប់របស់ពួកគេទៅលើប្រទេសលីបង់គឺមានគោលដៅដើម្បីលុបបំបាត់”ការគម្រាមកំហែង” របស់ក្រុមហេបូឡា៕