ប្រទេសតួកគី៖ អាជ្ញាធរតួកគីបានឃុំខ្លួនជនសង្ស័យ២០៨នាក់កាលពីថ្ងៃអង្គារ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយចលនាហ្កូឡេនដែលតួកគីបានចាត់ទុកថាជាក្រុមភេរវករ និងផ្តន្ទាទោសចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦។
លោក អាលី យើលីកាយ៉ា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី បាននិយាយនៅលើបណ្តាញសង្គមអ៊ីក្សថា ការបង្ក្រាបនៅទូទាំងប្រទេសបានកំណត់គោលដៅលើបុគ្គលដែលគេសង្ស័យថាបានជ្រៀតចូលស្ថាប័នរដ្ឋ និងរក្សាទំនាក់ទំនងជាមួយក្រុមនេះ។
លោកបន្តថា ប្រតិបត្តិការជាច្រើនត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នានៅក្នុងខេត្តចំនួន៤៧ ដោយមានការសម្របសម្រួលពីនាយកដ្ឋានប៉ូលិស និងអាជ្ញាធរយុត្តិធម៌។
“ព្រមគ្នានឹងទីក្រុងហ្កាហ្សៀនថេប ដែលជារចនាសម្ព័ន្ធថ្មីរបស់ក្រុមនេះនៅក្នុងរចនាសម្ព័ន្ធតំបន់របស់ខេត្តការ៉ាមេនម៉ារ៉ាស គីលីស សានលៀហ្វា និងអាឌីយ៉ាម៉េន ត្រូវបានលាតត្រដាង”។ សមាជិករបស់ក្រុមនេះដែលត្រូវបានបញ្ជូនទៅជំរំបណ្តុះបណ្តាលនៅបរទេស ក៏ត្រូវបានចាប់ខ្លួនផងដែរ។
រដ្ឋមន្ត្រីតួកគីបានកត់សម្គាល់ថា ក្នុងអំឡុងប្រតិបត្តិការទាំងនោះ ឯកសាររចនាសម្ព័ន្ធ និងសម្ភារៈឌីជីថលជាច្រើនគឺត្រូវបានរឹបអូស។
ចលនាហ្កូលេន ដែលធ្លាប់ដឹកនាំដោយ លោក ហ្វេហ្សូឡាស ហ្កូឡេន ដែលស្លាប់កាលពីខែតុលា ឆ្នាំ២០២៤ នៅសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលតួកគីពីការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបណ្តាលឱ្យមនុស្សមិនតិចជាង២៥០នាក់ស្លាប់។
អាជ្ញាធរតួកគីបានចាប់ខ្លួនមនុស្សបន្ថែមទៀតជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ និងបានឃុំខ្លួនមនុស្សរាប់ពាន់នាក់ ដែលមានទំនាក់ទំនងជាមួយចលនាហ្កូឡេន៕