ប្រទេសកាមេរូន៖ ប្រភពសន្តិសុខនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមភេរវករបូកូហារ៉ាម បានវាយឆ្មក់នៅក្នុងតំបន់ដាច់ស្រយ៉ាលភាគខាងជើងរបស់ប្រទេសកាមេរូនកាលពីថ្ងៃអង្គារ ដោយបានសម្លាប់ទាហាន៣នាក់។ ការវាយប្រហារបានកើតឡើងនៅព្រឹកថ្ងៃអង្គារក្នុងក្រុងហាលអាលីហ្វារបស់តំបន់នេះ។
ប្រភពក្នុងស្រុកមួយដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារមានរយៈពេលប្រមាណជាជិត២ម៉ោង ហើយមានគោលដៅទាំងលើយោធា និងជនស៊ីវិល មានដូចជា “ដុតផ្ទះ និងរថយន្តជាច្រើន” ។
ទាហាន៦នាក់រងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្នុងស្រុក នេះបើយោងតាមប្រភព។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ពីប្រភពសន្តិសុខថា ក្រុមសកម្មប្រយុទ្ធបានប្រើប្រាស់អាវុធទំនើបៗក្នុងនោះរួមមានយន្តហោះគ្មានមនុស្សបើកក្នុងការវាយប្រហារ។
ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមបាននិងកំពុងធ្វើប្រតិបត្តិការក្នុងតំបន់ចាប់តាំងពីឆ្នាំ២០១៤៕