អ៊ីស្រាអែលវាយប្រហារតាមអាកាសលើកំពង់ផែយេម៉ែននៅសមុទ្រក្រហម

0

ប្រទេសយេម៉ែន៖ ទូរទស្សន៍អាល់ម៉ាសៀរ៉ាហគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធីបានរាយការណ៍ថា យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើកំពង់ផែចំនួន៣នៅខេត្តហូដីដាភាគខាងលិចយេម៉ែននៅយប់ថ្ងៃអាទិត្យភ្លាមៗបន្ទាប់ពីបានចេញការព្រមានឱ្យជម្លៀសមនុស្សចេញ។

ការវាយប្រហារទាំងនេះផ្តោទៅលើកំពង់ផែហូដីដា កំពង់ផែរ៉ាសអ៊ីសា និងកំពង់ផែអាស សាលីហ្វ ដែលស្ថិតនៅតាមបណ្តោយសមុទ្រក្រហម។ សូមបញ្ជាក់ថា មិនមានអ្នកស្លាប់ឬរបួសត្រូវបានគេរាយការណ៍នោះទេ។

អ្នកស្រុកបានប្រាប់អ្នកយកពត៌មានថា កម្មករហ៊ូធីបាននិងកំពុងរៀបចំកំពង់ផែទាំងនេះដើម្បីទទួលការដឹកជញ្ជូនប្រេងមុនពេលការវាយប្រហារ។

ប្រមាណជា៤០នាទីមុនការវាយប្រហារ អ៊ីស្រាអែលបានព្រមានជនស៊ីវិលឱ្យចាកចេញពីតំបន់នោះ។ នៅព្រឹកថ្ងៃដដែល ក្រុមហ៊ុនពាណិជ្ជកម្មតាមដែនសមុទ្រអង់គ្លេស (UKMTO) ក៏បានណែនាំដល់នាវានានាបើកចេញដែនទឹកនៅជិតកំពង់ផែដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី។

នៅថ្ងៃសុក្រ ក្រុមឧទ្ទាមហ៊ូធីបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលទៅលើអាកាសយាន្តដ្ឋានបិនហ្កួរៀនរបស់ប្រទេសអ៊ីស្រាអែល ដែលមន្ត្រីអ៊ីស្រាអែលនិយាយថាបានស្ទាក់ចាប់។ ការវាយប្រហារនេះគឺជាការឆ្លើយតបចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងរដ្ឋធានីសាណា និងបានបំផ្លាញអាកាសយាន្តដ្ឋាន រួមទាំងយន្តហោះពាណិជ្ជកម្មចំនួន៣គ្រឿងផងដែរ។

ការវាយប្រហារកាលពីថ្ងៃអាទិត្យគឺជាការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលទៅលើកំពង់ផែដែលគ្រប់គ្រងដោយក្រុមហ៊ូធីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលកង្វះខាតប្រេងឥន្ធនៈកំពុងតែកើនឡើងនៅក្នុងតំបន់ទាំងនោះ។

កាលពីសប្តាហ៍មុន ប្រទេសអូម៉ង់បានប្រកាសថា ខ្លួនបានរៀបចំកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហ៊ូធី និងសហរដ្ឋអាមេរិក លក្ខខណ្ឌដែលក្រុមហ៊ូធីបានយល់ព្រមផ្អាកការវាយប្រហារលើនាវាអាមេរិកនៅសមុទ្រក្រហម ជាថ្នូរក្នុងការបញ្ឈប់ការវាយប្រហារតាមអាកាសរបស់អាមេរិកលើទីតាំងក្រុមហ៊ូធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here