ចៅក្រមអ៊ីរ៉ង់ម្នាក់ស្លាប់ក្នុងការវាយប្រហារដែលគេសង្ស័យថាជាអំពើភេរវកម្ម

0

ប្រទេសអ៊ីរ៉ង់៖ យោងតាមភ្នាក់ងារសារព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាម (IRNA) បានរាយការណ៍ថា ចៅក្រមអ៊ីរ៉ង់ម្នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍មួយដែលអាជ្ញាធរបានព័ណ៌នាថាជាការវាយប្រហារភេរវកម្មនៅភាគខាងត្បូងទីក្រុងស្ហីរ៉ាហ្ស កាលពីព្រឹកថ្ងៃអង្គារ។

ជនរងគ្រោះ ដែលគេស្គាល់អត្តសញ្ញាណបានថាជាលោក អេហសាន បាកហឺរ៉ី អាយុ៣៨ឆ្នាំ រងការវាយប្រហារដោយជន​ដៃដល់​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់ដែល​កាន់​សាស្ត្រាវុធ ក្នុងពេលគាត់កំពុងធ្វើដំណើរទៅធ្វើការនៅពេលព្រឹក នេះបើតាម IRNA ដកស្រង់សម្តីរបស់លោកសេយិដ សាដ្រូលឡាហ រ៉ាជែ ណាសាប ដែលជាអគ្គនាយកនៃក្រសួងយុត្តិធម៌ខេត្ត។ សូមបញ្ជាក់ផងដែរថា ប្រភេទអាវុធជាក់លាក់មិនត្រូវបានបង្ហាញឲ្យដឹងទេ។

លោក បាកហឺរ៉ី បានបម្រើការជាប្រធានសាខា១០២នៃតុលាឧក្រិដ្ឋកម្ម២​ ក្នុងទីក្រុងស្ហីរ៉ាហ្ស នេះបើតាមរបាយការណ៍។

IRNA បានបន្ថែមថា ប្រធានតុលាការអ៊ីរ៉ង់ លោក ហ្កូឡាមហូសសៀន មូហសេនី អ៊ីជេ បានបញ្ជាឱ្យតាមចាប់ខ្លួនជនល្មើស។

ការវាយប្រហារនេះបានកើតឡើងប៉ុន្មានខែបន្ទាប់ពីការវាយប្រហារដាច់ដោយឡែកមួយកាលពីខែមករា ដែលចៅក្រមជាន់ខ្ពស់២នាក់គឺ លោក អាលី រ៉ាហ្ស៊ីនី និងលោក មូហាម៉ាដ មូកហ៊ីសេហ ត្រូវបានបាញ់សម្លាប់នៅកន្លែងធ្វើការរបស់ពួកគាត់នៅក្នុងទីក្រុងតេរ៉ង់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here