អ៊ីស្រាអែល៖ ក្រុមហ៊ូធីរបស់យ៉េមែនកាលពីថ្ងៃពុធអះអាងថាបានបើកការវាយប្រហារដោយគ្រាប់មីស៊ីលរយៈចម្បាយឆ្ងាយល្បឿនលឿនកំណត់គោលដៅលើអាកាសយាន្តដ្ឋានបិនហ្កូរៀន ភាគកណ្តាលប្រទេសអ៊ីស្រាអែល។
ការវាយប្រហារនេះទទួលបាន “ជោគជ័យ” ដែលរំខានដល់ចរាចរណ៍ផ្លូវអាកាស និងបង្ខំឲ្យប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់រត់ចូលទីជម្រក នេះបើតាមអ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធហ៊ូធី លោក យ៉ាហយ៉ា សារៀ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយដោយទូរទស្សន៍អាល់ម៉ាសៀរ៉ា។
កាលពីព្រឹកព្រលឹមថ្ងៃដដែលនោះ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺសំឡេងឡើងនៅក្នុងទីក្រុងយេរូសាឡឹម និងតំបន់វ៉េសប៉េង បន្ទាប់ពីមីស៊ីលរយៈចម្ងាយឆ្ងាយត្រូវបានបាញ់ចេញពីប្រទេសយ៉េមែន។
យោធាបាននិយាយថា ប្រព័ន្ធការពារដែនអាកាសត្រូវបានដំណើរការ និងបានស្ទាក់ចាប់គ្រាប់មីស៊ីល។
សេវាសង្គ្រោះបន្ទាន់ជាតិអ៊ីស្រាអែល ម៉ាហ្កាន អាដូម បាននិយាយថា ខ្លួនមិនបានទទួលរបាយការណ៍ពីអ្នកស្លាប់និងរបួស ឬផលប៉ះពាល់ដោយមីស៊ីលនោះទេ។
ក្រុមឧទ្ទាមហ៊ូធី ដែលគ្រប់គ្រងតំបន់ភាគច្រើននៅភាគខាងជើងនៃប្រទេសយ៉េមែន បានវាយប្រហារតាមអាកាសដោយប្រើដ្រូន និងមីស៊ីលទៅលើអ៊ីស្រាអែលចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដែលពួកគេពិពណ៌នាថាជាការសាមគ្គីជាមួយប៉ាឡេស្ទីនក្នុងអំឡុងសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ គ្រាប់ផ្លោងជាច្រើនគ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។
អ៊ីស្រាអែលបានសងសឹកដោយបានវាយប្រហារទៅលើតំបន់ដែលកាន់កាប់ដោយក្រុមហ៊ូធី ដោយកំណត់គោលដៅលើអាកាសយាន្តដ្ឋាន ស្ថានីយថាមពល និងកំពង់ផែក្នុងទីក្រុង សាណា និងហូឌីដា៕









