ប្រទេសលីបង់៖ យោងតាមភ្នាក់ងារព័ត៌មានជាតិលីបង់បានរាយការណ៍ឱ្យដឹងថា មនុស្ស៤នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដាច់ដោយឡែកពីគ្នានៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ។
ភ្នាក់ងារព័ត៌មានបាននិយាយថា យន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានកំណត់គោលដៅលើយានយន្តជាច្រើននៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេសលីបង់។
ប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា អ្នកស្លាប់៣នាក់គឺជាសមាជិកក្រុមហេបូឡា និងម្នាក់ទៀតគឺជាជនជាតិស៊ីរី។
យោធាអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយប្រហារតាមអាកាសចំនួនពីរលើកនៅថ្ងៃអាទិត្យ ដោយបានសម្លាប់មន្ត្រីហេបូឡាម្នាក់ និងជនសង្ស័យម្នាក់ជាអ្នករត់ពន្ធអាវុធសម្រាប់ក្រុមនេះ។
សូមរំលឹកផងដែរថា ទោះបីជាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេបូឡាបានចូលជាធរមាននៅខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារស្ទើរតែរាល់ថ្ងៃលើប្រទេសលីបង់ ដោយយកលេសថាពួកគេកំណត់គោលដៅលើការគំតាមកំហែងរបស់ក្រុមហេបូឡានៅតាមបណ្តោយព្រំដែន។ ប្រទេសលីបង់ និងអង្គការអន្តរជាតិមួយចំនួនបានថ្កោលទោសចំពោះការវាយប្រហារនេះថាជាការរំលោភបំពានបទឈប់បាញ់៕









