ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងឧប្បត្តិហេតុផ្ទុះដោយចៃដន្យនៅស្ថានីយ៍ប៉ូលិសមួយកន្លែង នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការណ៍។
មន្រ្តីប៉ូលិសក្រុងលោក ម៉េន សាអ៊ីដ អាម៉ាត់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះនេះកើតឡើងនៅក្នុងទីក្រុងប៉េស្ហាវ៉ា ដោយសារតែការផ្ទុះនៃសម្ភារៈចាស់ៗដែលរក្សាទុកនៅក្នុងបន្ទប់គ្រាប់រំសេវរបស់ស្ថានីយ៍ប៉ូលិស។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា “ភ្លើងក៏បានរាលដាលដល់គ្រាប់រំសេវផ្សេងទៀត ដែលបណ្តាលឱ្យមានការផ្ទុះបន្ថែម” ។
ក្រុមជួយសង្គ្រោះ និងមន្ត្រីប៉ូលិសបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្បែរនោះ។
ការស៊ើបអង្កេតត្រូវបានធ្វើឡើងដើម្បីកំណត់ពីមូលហេតុនៃការផ្ទុះនេះ៕









