អ៊ីស្រាអែលថាបានសម្លាប់ពួកសកម្មប្រយុទ្ធ២០នាក់ក្នុងប្រទេសលីបង់

0

ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថាខ្លួនបានសម្លាប់មនុស្ស ប្រមាណជា២០នាក់នៅក្នុងប្រទេសលីបង់ក្នុងរយៈពេលមួយខែកន្លងទៅនេះ ដោយពិពណ៌នាថាពួកគេទាំងនោះជាអ្នកសកម្មប្រយុទ្ធ ដែលក្នុងនោះមានសមាជិកម្នាក់របស់កងទ័ពវីរជនរ៉ាដវ៉ានរបស់ក្រុមហេបូឡាត្រូវបានសម្លាប់នៅមុននេះ។

ការវាយប្រហារចុងក្រោយបានកើតឡើងចំពេលការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែលឆ្លងកាត់ព្រំដែនចូលប្រទេសលីបង់ និងការកើនឡើងនៃវោហាសាស្ត្រពីប្រទេសនេះអំពីបទឈប់បាញ់ដ៏ផុយស្រួយ ដែលបង្កើនក្តីបារម្ភ​ថាអ៊ីស្រាអែលអាចនឹងកំពុងរៀបចំចាប់ផ្តើមប្រតិបត្តិការផ្លូវអាកាសទ្រង់ទ្រាយធំឡើងវិញនៅក្នុងប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។

កងទ័ពបាននិយាយថា មនុស្ស២០នាក់ដែលស្លាប់គឺជាគោលដៅដែលគេបានកំណត់ក្នុងប្រតិបត្តិការ “ដើម្បីលុបបំបាត់ការគំរាមកំហែងប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល”។

នៅក្នុងការវាយប្រហារតាមអាកាសកាលពីព្រឹកថ្ងៃពុធ យោថាបាននិយាយថា ខ្លួនបានវាយប្រហារ និងសម្លាប់លោក ហ៊ូសេន ចាបឺរ ឌីប ដែលគេពិពណ៌នាថាជាសមាជិកនៃកងទ័ពវីរជនរ៉ាដវ៉ានរបស់ក្រុមហេបូឡា ដែលដឹកនាំការវាយប្រហារភេរវកម្មប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល និងប្រជាពលរដ្ឋរបស់ប្រទេសមួយនេះ

ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្សម្នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលប៉ះចំលើរថយន្តមួយគ្រឿងនៅក្នុងទីក្រុងបួរ៉ាហាល ក្នុងស្រុកថាយ ភាគខាងត្បូងប្រទេស។ “ការវាយប្រហារនេះបណ្តាលឱ្យពលរដ្ឋម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស”  នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដោយមិនបានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះ។

ប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា មនុស្សម្នាក់ដែលត្រូវបានកំណត់គោលដៅនោះគឺលោក ហ៊ូសេន ចាបឺរ ឌីប មកពីក្រុងស៊ូហួរ។

បើទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេបូឡា បានចូលជាធរមានចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ក៏ដោយ ក៏អ៊ីស្រាអែលនៅបន្តបើកការវាយប្រហារតាមអាកាសស្ទើរតែរាល់ថ្ងៃលើប្រទេសលីបង់ ដោយនិយាយថាខ្លួនកំណត់គោលដៅលើសកម្មភាពរបស់ក្រុមហេបូឡា ដោយរក្សាកងទ័ពនៅតាមបណ្តោយព្រំដែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here