ក្រុមហាម៉ាសរកឃើញសាកសពទាហានអ៊ីស្រាអែលដែលពួកគេចាប់ខ្លួនក្នុងឆ្នាំ២០១៤

0

ហ្គាហ្សា៖ កាលពីថ្ងៃសៅរ៍នេះ កងពលតូចអាល់កាហ្ស៊ីមដែលជាក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាសបានរកឃើញសាកសពទាហានអ៊ីស្រាអែលដែលពួកគេចាប់ខ្លួនក្នុងជម្លោះកាលពីឆ្នាំ២០១៤ នៅផ្លូវរូងក្រោមដីក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា នេះបើតាមក្រុមនេះនិយាយ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះប្រាប់អ្នកសារព័ត៌មានថា សាកសពត្រូវបានគេកំណត់អត្តសញ្ញាណថាជាទាហានអ៊ីស្រាអែលគឺលោក ហាដា ហ្គូលឌីន។

យោងតាមប្រភពបានឱ្យដឹងថា សាកសពរបស់អ្នកប្រយុទ្ធអាល់ហ្កាហ្ស៊ីមចំនួន៦នាក់ផ្សេងទៀតក៏ត្រូវបានរកឃើញនៅជាមួយសាកសព ហ្គូលឌីន ផងដែរ។

ប្រភពបានបន្ថែមថា ប្រតិបត្តិការសង្គ្រោះនេះត្រូវបានអនុវត្តបន្ទាប់ពីអាជ្ញាធរអ៊ីស្រាអែលអនុញ្ញាតិឱ្យសមាជិកអាល់កាហ្ស៊ីម អមដោយក្រុមមកពីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលទៅក្នុងទីក្រុងរ៉ាហ្វាដើម្បីស្វែងរកសាកសពលោក ហ្គូលឌីន។

មិនទាន់មានសេចក្តីអត្ថាធិប្បាយពីខាងទាហានអ៊ីស្រាអែលនៅឡើយទេ។

គួររំលឹកផងដែរថា លោក ហ្គូលឌីន ត្រូវបានចាប់ខ្លួនក្នុងខែសីហា ឆ្នាំ២០១៤​ ក្នុងពេលប៉ះទង្គិចគ្នាជាមួយអ្នកប្រយុទ្ធអាល់កាហ្ស៊ីម នៅភាគខាងកើតទីក្រុងរ៉ាហ្វា។ ក្រោយមក ក្រុមហាម៉ាសបានប្រកាសពីការចាប់ខ្លួនគាត់ និងបានលកើបង្ហាញកាំភ្លើងរបស់គាត់បញ្ជាក់ថាជារបស់ជ័យភ័ណ្ឌ ចំណែកឯទាហានអ៊ីស្រាអែលវិញបានប្រកាសថាលោក ហ្គូលឌីន ស្លាប់ហើយ។

នេះគឺជាសេចក្តីរាយការណ៍ដំបូងពីប្រតិបត្តិការសង្គ្រោះនៅទីក្រុងរ៉ាហ្វា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា។ តំបន់ភាគច្រើននៃទីក្រុងនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ហើយប្រជាជនដែលរស់នៅទីនេះនៅមិនទាន់ត្រូវបានអនុញ្ញាតិឱ្យវិលត្រលប់មកវិញនៅឡើយទេ ដោយសារគេកំណត់ថាជាតំបន់ហាមឃាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here