ភេរវករ២នាក់ត្រូវបានសម្លាប់ក្នុងពេលកងកម្លាំងសន្តិសុខទប់ស្កាត់ការវាយប្រហារភេរវកម្ម

0

ប្រទេសប៉ាគីស្ថាន៖ ភេរវករ២នាក់ត្រូវបានសម្លាប់ក្នុងពេលកងកម្លាំងសន្តិសុខទប់ស្កាត់ការវាយប្រហារភេរវកម្មមួយនៅមហាវិទ្យាល័យយោធាក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមការលើកឡើងរបស់យោធាកាលពីថ្ងៃចន្ទ។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបាននិយាយថា ការប៉ុនប៉ងរបស់ភេរវករក្នុងការលុកលុយបរិវេណសន្តិសុខត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខ ហើយដោយសារស្ថានភាពមិនអាចវាយសម្រុកចូលបាន អ្នកវាយប្រហារបានបើករថយន្តបំពាក់គ្រឿងផ្ទុះបុកក្លោងទ្វារធំរបស់មហាវិទ្យាល័យ បំផ្លាញក្លោងទ្វារធំ និងហេដ្ឋារចនាសម្ព័ន្ធនៅជាប់ទីនោះ។

ISPR និយាយថា មន្ត្រីសន្តិសុខចូលប្រយុទ្ធជាមួយជនល្មើសដោយភាពច្បាស់លាស់ និងយ៉ាងមានប្រសិទ្ធភាព សម្លាប់ភេរវករ២នាក់នៅកន្លែង ចំណែកឯភេរវករ៣នាក់ទៀតដែលចូលដល់បរិវេណមហាវិទ្យាល័យត្រូវបានកងកម្លាំងចាប់ខ្លួន។

ប្រតិបត្តិការបោសសម្អាតកំពុងត្រូវបានធ្វើឡើងដើម្បីកម្ចាត់ភេរវករដែលនៅសេសសល់នៅក្នុងតំបន់ នេះបើតាម ISPR។

យោធាបាននិយាយថា ប្រទេសប៉ាគីស្ថាននឹងបន្តយុទ្ធនាការប្រឆាំងភេរវកម្មឥតឈប់ឈររបស់ខ្លួន ហើយកងកម្លាំងសន្តិសុខនិងភ្នាក់ងារអនុវត្តច្បាប់នឹងបន្តកម្ទេចការគំរាមកំហែងភេរវកម្មទាំងស្រុងចេញពីប្រទេសមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here